ព្រះសីហនុ៖ ដើម្បីពង្រឹងការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលក្រុងព្រះសីហនុ មិនអនុញ្ញាតឱ្យមានការចរាចរយានជំនិះបញ្រ្ចាសទិសដៅចរាចរណ៍នៅជុំវិញបរិវេញទីតាំងផ្សារលើក្រុងព្រះសីហនុទៀតឡើយ។ អាជ្ញាធរក្រុងបានព្រមានចាត់វិធានការផាកពិន័យចំពោះអ្នកដែលមិនគោរពស្លាកសញ្ញាចរាចរណ៍តាមច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា កន្លងមកមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តព្រះសីហនុ បានដាក់ស្លាកសញ្ញាចរាចណ៍កំណត់ជាផ្លូវឯកទិស ដើម្បីបញ្ចៀសនូវការកកស្ទៈចរាចរណ៍ជុំវិញបរិវេណទីតាំងនេះ។
ទោះបីមានស្លាកសញ្ញាចរាចរណ៍ និងការផ្សព្វផ្សាយណែនាំជាបន្ដបន្ទាប់ ក៏នៅមានអ្នកចរាចរយានជំនិះមួយចំនួនតូចពុំបានចូលរួមអនុវត្ដឡើយ ហើយនៅតែបន្ដចរាចរយានជំនិះបញ្រ្ចាសទិសដៅដែលស្លាកសញ្ញាបានកំណត់ បង្កឱ្យមានការកកស្ទះចរាចរណ៍ និងបាត់សណ្ដាប់ធ្នាប់របៀបរៀបរយជារៀងរាល់ថ្ងៃ៕
ដោយ៖ ឆឹម ទិត