ថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពង់ធំ ចូលរួមពិធីសូត្រមន្ត រាប់បាត្រ បង្សុកូលនៅពន្ធនាគារខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

កំពង់ធំ៖ ថ្នាក់ដឹកនាំសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ រួមជាមួយមន្រ្តីក្រោមឱវាទ ដឹកនាំដោយលោក ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង តំណាងលោក ស៊ិន វិរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ កញ្ញានេះ បានចូលរួមពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល នៅពន្ធនាគារខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។

បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃស្មារតីជ័យជំនះ៧មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយទៅក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី២១នេះ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានរំលាយក្ខន្ធទៅលោកខាងមុខ និងបានជាចំណែកសម្រាប់កសាងនូវបុណ្យកុសលសម្រាប់ពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគតរៀងៗខ្លួនផងដែរ។

សូមជម្រាបផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយ៉ាងល្អផូរផង់ ដែលប្រជាជនខ្មែរ តែងតែប្រារព្ធធ្វើតាមបវេណីព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ ជាទូទៅ ពុទ្ធសាសនិកតែងតែនាំគ្នាប្រតិបត្តិធ្វើតាមទីវត្តអារាម គ្រប់ទីកន្លែងនៅទូទាំងប្រទេសគឺចាប់ផ្ដើមប្រារព្ធឡើងពីថ្ងៃទី១រោចដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕ ដោយ៖ វង្ស សំណាង