ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានធ្វើការពិនិត្យ និង ពិភាក្សាលើខ្លឹមសារអត្ថបទវីដេអូសម្រាប់ធ្វើការបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ និងពិនិត្យសម្រេចទៅលើខ្លឹមសារអត្ថបទវីដេអូ សម្រាប់អប់រំប្រជាពលរដ្ឋទូទៅឱ្យយល់ដឹងអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២២។
តាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណ:កម្មាធិការជាតិរៀបចំបោះឆ្នោត លោក ប្រាជ្ញ ចន្ទ សម្រេចកែសម្រួលខ្លឹមសារមួយចំនួននៃអត្ថបទវីដេអូទាំងពីរនោះ រួចអនុញ្ញាតឱ្យមន្រ្ដីជំនាញយកទៅថតតាមខ្លឹមសារនៃអត្ថបទដែលបានកែសម្រួល បន្ទាប់មកត្រូវដាក់វីដេអូដែលថតរួចឆ្លងអង្គប្រជុំ គ.ជ.ប ម្ដងទៀតមុនយកទៅអនុវត្ត និងផ្សព្វផ្សាយជូនសាធារណជន។
ប្រធាន គ.ជ.ប បានឱ្យដឹងថា វីដេអូស្ដីពីនីតិវិធីនៃការត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានរយ:ពេល៦០នាទី ប្រើសម្រាប់ធ្វើការបណ្ដុះបណ្ដាលជូនមន្រ្ដីបោះឆ្នោត និង វីដេអូមួយទៀតមានរយ:ពេល១៥នាទី ប្រើសម្រាប់ផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងអញ្ជើញពួកគាត់ទៅពិនិត្យមើលឈ្មោះបោះឆ្នោតក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ សាន សៀងហៃ