ភ្នំពេញ៖ នៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន បានជួបជាមួយឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)ដែលគេស្គាល់ថា តុលាការខ្មែរក្រហម និង ពិភាក្សាអំពីមុខងារសេសសល់ដែលអ.វ.ត.ក.ត្រូវបំពេញនៅពេលបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការរបស់ខ្លួន។
គោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់នានានៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរដំណែលអ.វ.ត.ក. រួមទាំងតាមរយៈការអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើលព័ត៌មាននៅក្នុងបណ្ណសាររបស់អ.វ.ត.ក. ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់អ.វ.ត.ក.។
យោងតាម សេចក្តីថ្លែងការណ៍រួម ក្រោយជំនួប ភាគីទាំងពីរ បានបញ្ជាក់ថា«ក្នុងនាមរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ យើងសូមបន្តការគាំទ្រដល់ការងារផ្នែកតុលាការដ៏មានសារសំខាន់របស់អង្គជំនុំជម្រះវិសាមញ្ញ និងការងារសេសសល់ដែលនឹងដំណើរការនាពេលខាងមុខ»។
លោក ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ថវិកាដល់អង្គជំនុំជម្រះវិសាមញ្ញ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការគាំទ្រជាយូរអង្វែងពីអ.ស.ប. និងម្ចាស់ជំនួយរបស់អ.វ.ត.ក. ហើយថា ការងាររបស់អ.វ.ត.ក.មិនអាចដំណើរការទៅមុខ ដោយគ្មានជំនួយពីអ.ស.ប.និងម្ចាស់ជំនួយទាំងនោះបានឡើយ។
លោក ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានជំរុញឱ្យបណ្តារដ្ឋជាម្ចាស់ជំនួយមេត្តាផ្តល់ការគាំទ្រ ដើម្បីឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយដល់សាធារណជនកម្ពុជា ជាពិសេសជនរងគ្រោះនៃរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយនៅកម្ពុជា គាំទ្រដល់ចំណេះដឹងផ្នែកប្រវត្តិសាស្រ្ត និងបញ្ចៀសមិនឱ្យអំពើព្រៃផ្សៃពីអតីតកាលកើតឡើងសាជាថ្មី។
ចំណែកឯ លោកឧបការីអគ្គលេខាធិការអ.ស.ប.ទទួលបន្ទុកកិច្ចការច្បាប់បានសម្តែងនូវសេចក្តីសោមនស្សដែលបានមកទស្សនកិច្ចនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីធានានូវគណនេយ្យភាពចំពោះឧក្រិដ្ឋកម្មនានាដែលបានប្រព្រឹត្តនៅក្នុងអំឡុងរបបខ្មែរក្រហម ព្រមទាំងធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះ។
លោកឧបការីអគ្គលេខាធិការអ.ស.ប. ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិផងដែរ ក្នុងការបន្តគាំទ្រដល់អ.វ.ត.ក. នៅក្នុងអំឡុងដំណាក់កាលអនុវត្តមុខងារសេសសល់ និងបានសង្កត់ធ្ងន់នូវសារសំខាន់នៃការថែរក្សាកេរដំណែលអ.វ.ត.ក សម្រាប់ប្រជាជនកម្ពុជា។
លោក ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោកឧបការីអគ្គលេខាធិការអ.ស.ប. នឹងចូលរួមស្តាប់ការប្រកាសសាលដីកាស្ថាពរនៅក្នុងសំណុំរឿងចុងក្រោយនៅអ.វ.ត.ក. ប្រឆាំងនឹងអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន ដែលនឹងកំណត់ពេលដំណើរការនៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២)។ បន្ទាប់មក ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួននៅបរិវេណអ.វ.ត.ក.៕
ដោយ៖ គង់ សេដ្ឋាមុនី