AFD សន្យាថា នឹង​បង្កើន​ទំហំហិរញ្ញប្បទាន​សហ​ប្រ​តិ​ប​ត្តិការ​សម្រាប់កម្ពុជា

ភ្នំពេញ៖ លោក  Jean-Pierre Marcelli  នាយកទីភ្នាក់​ងា​រ​បា​រាំ​ង​ស​ម្រា​ប់ការអភិវឌ្ឍ AFD ថ្មី ប្រចាំ​តំ​ប​ន់អាស៊ីអាគ្នេយ៍បានឱ្យដឹងថា AFDនឹងបន្តគាំទ្រ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុជា ដោយ​សន្យាបង្កើន​ទំហំ​ហិ​រ​ញ្ញ​ប្បទាន​សហប្រតិបត្តិការ​សម្រាប់កម្ពុជា​ឱ្យស្របទៅនឹងបរិការណ៍​​បច្ចុប្បន្ន។

ក្នុងជំនួបពិភាក្សាការងារ និង សម្ដែងការគួរសម ជាមួយ លោក អូន ព័ន្ធ​មុ​នី​រ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២​០​២​២  នៅទីស្ដីកា​រ​ក្រ​សួ​ង​សេ​ដ្ឋ​កិ​​ច្ច និងហិរញ្ញវត្ថុ លោក  Jean-Pierre Marcelli បានគួសបញ្ជាក់ថា «រដ្ឋា​​ភិ​បា​លបារាំ​ងនៅ​តែរ​ក្សា​កិ​ច្ចសហប្រតិបត្តិការហិរញ្ញប្បទាន​ក្នុងទំហំឥ​ណទា​នស​ម្បទា​ន​ប្រ​ចាំ​ឆ្នាំ​ ច​ន្លោះពី ១០០-១២០ លា​ន​អឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេ​ដ្ឋកិ​ច្ចក​ម្ពុជា​ប​ន្ទា​ប់​​ពី​​វិ​ប​ត្តិកូវីដ-១៩ ស្រ​ប​តា​ម​គោ​លនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់កម្ពុជា»។

បើតាម ​លោក  Jean-Pierre Marcelli យុ​ទ្ធ​សា​ស្ត្រ​​របស់ AFD​ (Country Strategy 2022-2026) ដែ​ល​ផ្តោ​តទៅលើគោលដៅសំខាន់បី៖ ១. ការអភិវឌ្ឍដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ ​និង​កា​ត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន ២. ការចូលរួមបង្កើត ការងារ​ និងកំណើនសេដ្ឋកិច្ច និង ៣. ការ​អ​ភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ​។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ, តាមរយៈ AF​D​, សាធារណ​រដ្ឋបារាំង បាន​ផ្តល់​​ហិរញ្ញប្បទាន​សរុប​ប្រមាណ ៨៨៨ លាន អឺរ៉ូ ដល់កម្ពុជា ក្នុ​ង​នោះ​មា​ន ឥណទានសម្បទានចំនួន ៥៣៣ លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨ លាន​អឺ​រ៉ូ ដោយផ្ដោតលើការ​អភិ​វ​ឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធដូចជា៖ ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹ​ក​ស្អា​ត អគ្គិសនី អប់រំ និ​ង​សុ​ខា​ភិបាល ។

ហិរញ្ញប្ប​ទាន​សហប្រតិបត្តិការនេះ បានឆ្លើ​យ​ត​ប​នឹ​ង​ត​ម្រូ​វការនៃការអភិវឌ្ឍ និង​ទាន់​ពេល​វេលា ស្របតាម​កម្មវិធី ​និង​គោលនយោបាយ​រប​ស់​រា​ជរដ្ឋា​ភិ​បា​​​ល​កម្ពុជា ជាពិសេស បានអ​នុ​លោ​ម​ទៅ​នឹ​ង​​ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ, យុ​ទ្ធ​សា​ស្រ្ត​ច​តុ​កោ​ណ​, យុទ្ធសាស្ត្រស្តីពីការ​គ្រប់​គ្រ​ង​បំ​ណុ​ល​សាធារណៈ, ក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីស្តារ និង ជំរុ​ញ​កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុង​កា​រ​រស់​នៅ​ជា​មួយ កូវីដ-១៩  តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២​០​២​១​-២០២៣ និងក​ម្ម​វិធី​វិនិ​យោគ​សា​ធា​រ​ណៈ​​៣ ឆ្នាំរំកិល ២០២២ – ២០២៤ ជាដើម៕

ដោយ៖ គង់ សេដ្ឋាមុនី