លោក គឹម សន្តិភាព៖ ទណ្ឌិតដែលកែប្រែខ្លួនបានល្អ គ្រប់លក្ខខណ្ឌច្បាប់ អាច​នឹ​ង​ទ​ទួ​ល​បា​ន​ការដោះលែង

ភ្នំពេញ៖ «ទណ្ឌិតដែលកែប្រែខ្លួនបានល្អ គ្រប់លក្ខខណ្ឌច្បាប់ អាចនឹងទ​ទួ​ល​បា​ន​កា​រ​ដោះ​លែ​​ង ដោយមានលក្ខខណ្ឌ មានន័យថា បងប្អូនដែលទទួលបានការដោះលែងហើយនោះ ត្រូវ​គោរពទៅតាមលក្ខខណ្ឌកំណត់មួយចំនួនរបស់តុលាការ ដែ​លជា​កាត​ព្វកិ​ច្ចត្រូ​វតែ​បំពេ​ញ​ឱ្យបានពេញលេញក្នុងរយៈពេលកំណត់ណាមួយ។ ហេតុនេះ សូមបងប្អូន ខិត​ខំ​កែ​ប្រែ​ខ្លួ​នឱ្យបានល្អ គ្រប់លក្ខខណ្ឌច្បាប់ ដើម្បីឆាប់ទទួលបានឱកាសបន្ធូរបន្ថយទោស លើកលែ​ង​ទោស ឬដោះលែងដោយមានលក្ខខណ្ឌ បានវិលត្រឡ​ប់ទៅ​រួម​រស់​ជាមួ​យក្រុ​មគ្រួ​សារ​និ​ង​​​សង្គមជាតិវិញ»។ នេះជាក្រើនរំឭក របស់ លោក គឹម សន្តិភាព រដ្ឋលេ​ខាធិ​ការ​ក្រ​សួ​ង​យុត្តិ​ធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ក្នុងឱកាស​​​ចុះ​សួ​រ​សុ​ខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រធានមណ្ឌលអប់រំកែប្រែទី២ និង​ជ​ន​ជា​ប់​ឃុំ​នៅ​ក្នុងមណ្ឌល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

លោក គឹម សន្តិភាព បានណែនាំដល់ជនជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ ទាំង​អ​ស់​ត្រូ​វ​​ខិ​តខំកែប្រែឥរិយាបថឱ្យបានសមរម្យថ្លៃថ្នូរ ជាពិសេសត្រូវកែប្រែទង្វើរបស់ខ្លួនឱ្យបានល្អ បំ​ពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់ ដើម្បីឆា​ប់ទទួលបាន ការបន្ធូរបន្ថយទោស និង​លើ​ក​លែ​ង​ទោ​ស ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែ​ល​ទ្រ​​ង់ព្រះរាជទានបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងមួយឆ្នាំ៥ដង ទៅតា​ម​ព្រះ​រា​ជ​ពិធី និងពិធីបុណ្យសំខាន់ៗ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធី​បុ​ណ្យ​ចូ​លឆ្នាំថ្មីប្រពៃណីជាតិ ពីធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និង​ព្រះ​រា​ជ​ពិ​ធី​បុ​ណ្យ​អុំ​ទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងអាចទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស ទៅតាមពីធីបុណ្យ ឬព្រឹត្តិការណ៍ធំៗ របស់ជាតិផងដែរ ។

សូមបញ្ជាក់ថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយផ្ទាល់របស់ លោក គឹម សន្តិភាព ឱ្យ​ដ​​ល់​ប្រធានមណ្ឌល និងជនកំពុងជាប់ឃុំ នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) មា​ន​កា​រ​និ​ម​ន្ត​ចូលរួមជាព្រះកិត្តិយសដ៏ថ្លៃថ្លារបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូ​ស្សូត​ស្តាំវ​ត្ត​និ​គ្រោ​ធវ័ន (វត្តគល់ទទឹង) និង មានការចូលរួមពី លោក ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ លោក លោ​​កស្រីជា អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីក្រោមឱវាទ និង មាន​កា​រ​អ​ញ្ជើ​​ញចូលរួមពី លោក លោកស្រី ជាតំណាង លោក អគ្គនាយក នៃអគ្គនា​យក​ដ្ឋា​ន​ព​ន្ធ​នា​គា​រ​នៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួនផងដែរ៕

ដោយ៖ ឆឹម ទិត