ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ក្នុងនោះគឺមកពីសាម៉ីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន។ ខេត្តព្រះសីហនុមាន២១២ករណី, ពោធិ៍សាត់មាន៤ករណី, ស្វាយរៀងមាន១៨ករណី, ខេត្តកោះកុងមាន៥ករណី, ប៉ៃលិនមាន១ករណី, ឧត្តរមានជ័យមាន១៤ករណី, កណ្ដាលមាន១៨ករណី, សៀមរាបមាន១ករណី, រាជធានីភ្នំពេញ១៤ករណី និងខេត្តបន្ទាយមានជ័យមាន២ករណី។
ថ្លែងក្នុងកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ កញ្ញានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ពាក្យបណ្ដឹងទាំងឡាយនេះ ដំបូងឡើយយើងក៏មិនជឿទុកចិត្តទាំងស្រុងនោះដែរ ប៉ុន្តែឆ្លងកាត់ការអនុវត្តជាក់ស្ដែងបន្តបន្ទាប់គឺប្រមាណ៩៥ភាគរយជាការពិត»។
សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ដើម្បីធានាឱ្យកិច្ចប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួយដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទនេះ ត្រូវប្រកាន់ជំហរឯកភាពគ្នាថា ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ គឺដោយត្រូវប្រកាន់គោលការណ៍នីតិរដ្ឋ មិនមែនដោយផ្អែកលើល្បែងស៊ីសងខុសច្បាប់នោះទេ។
សម្ដេចក្រឡាហោម បន្ថែមថា ទោះបីមានការប្រឈមខ្លះក៏ដោយ ប៉ុន្តែគ្រប់គ្នាត្រូវយល់ឱ្យបានត្រឹមត្រូវថាអំពើជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់នេះជាអំពើល្មើសច្បាប់ បម្រើផលប្រយោជន៍តែបុគ្គល ឬក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ពុំមែនបម្រើផលប្រយោជន៍សាធារណៈ ឬផលបរយោជន៍ប្រជាជនទូទៅឡើយ។
សម្តេចក្រឡាហោម បានចាត់ទុកបញ្ហាប្រឈមនេះថាជាឱកាសឱ្យមន្រ្តីបញ្ចេញស្នាដៃ បង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែរ។ សម្តេច ថា ប្រសិនបើមានការរារែក មិនច្បាស់លាស់ នឹងមានន័យថាមន្រ្តីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្មានការប្ដេជ្ញាចិត្ត និងមិនអាចបញ្ចេញស្នាដៃទទួលខុសត្រូវនោះទេ។
កិច្ចប្រតិបត្តិការនេះជាវិញ្ញាសារសំខាន់សម្រាប់វាស់វែងឧត្តមគិតិ ឆន្ទៈ សមត្ថភាពរបស់រដ្ឋបាលរាជធានីខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។ នេះបើតាមការលើកឡើងរបស់សម្តេចក្រឡាហោម៕ ដោយ៖ វង្ស សំណាង