ភ្នំពេញ៖ មេខ្លោងជនជាតិខ្មែរ ២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងរឹបអូសបានគ្រឿងញៀនជិត ៨ គីឡូក្រាម នៅរាជធានីភ្នំពេញ។ បើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញានេះ។
មន្ទីរប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ហើយគោលដៅបង្រ្កាបករណីនេះគឺនៅទីតាំង៣ផ្សេងៗគ្នាក្នុងនោះ រួមមានគោលដៅទី១: នៅចំណុចផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ឈ្មោះ ទូច កុងហ៊ាង និងគ្រឿងញៀនប្រមាណជាង៥គីឡូ។
ដោយឡែកនៅគោលដៅទី២ នៅចំណុច ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណជាង១គីឡូ។ ឯគោលដៅទី៣ គឺ ឆែកឆេរ បន្ទប់របស់ឈ្មោះ ទូច កុកហ៊ាង លេខ២១០៣ ជាន់ទី២១ សណ្ឋាគារ អអេន ហ្វេស ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយរកឃេីញមានសំភារ:កែច្នៃ និងថ្នាំញៀនមួយចំនួន។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីតាមចាប់ជាធរមាន៕ ដោយ៖ ឆឹម ទិត