សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្ដីពីបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រុមការងារនេះដឹកនាំដោយលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ បើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

ក្រុមការងារមួយនេះដឹកនាំដោយប្រធាន១រូប អនុប្រធាន ២រូប និងសមាជិក៩រូប។ សមាសភាពនៃគណៈកម្មមួយនេះមកពីអគ្គនាយរដ្ឋបាលក្រសួងមហាផ្ទៃ អគ្គនាយកអន្ដោប្រវេសន៍ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានអនុវត្ដនីតិវិធី (ន៧) ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសជាអ្នកវិនិយោគឯកជន និងប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកកវិទ្យា។

បើតាមសេចក្ដីសម្រេចនេះ ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានតួនាទីភារកិច្ចរៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់។

ក្នុងនោះចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកនូវអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំង ពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែល បានប្រព្រឹត្តនៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។

បន្ថែមលើនេះ អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។ អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន។ ក្រុមការងារនេះ អាចប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់។

បើយោងតាមសេចក្តីសម្រេចរបស់សម្ដេចនាយករដ្ឋមន្រ្ដី ក្រុមការងារនេះ ត្រូវធ្វើរបាយការណ៍អំពីលទ្ធផល ការងារនេះជូន សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជ្រាបនិងស្នើសុំមតិដឹកនាំបន្ត៕

អត្ថបទដោយ៖ ឆឹម ទិត