ភ្នំពេញ៖ លោក កើត ឆែ បច្ចុប្បន្នជាអភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានទទួលបន្ទុកព័ត៌មានរបស់សាលារាជធានីភ្នំពេញ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបីរូបផ្សេងទៀតជាសមាជិក។ នេះបើយោងតាមដីកាសម្រេចស្តីពីការបង្កើតមន្រ្តីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ កញ្ញានេះ។
មន្រ្តីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវជួយក្រុមប្រឹក្សាក្នុងការធានាឱ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ មានតម្លាភាព និងមានប្រសិទ្ធិភាព។
ព្រមជាមួយគ្នានេះដែរ ក៏មានភារកិច្ចទទួល និងផ្តល់ព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញដល់ប្រជាពលរដ្ឋ សាធារណជន អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធនានា, រៀបចំសន្និសីទសារព័ត៌មាន នៅថ្នាក់រាជធានីភ្នំពេញ, ផ្តល់សេចក្តីសង្ខេបព័ត៌មានដោយផ្ទាល់មាត់ ឬរាយការណ៍តាមទូរស័ព្ទ ឬជាលាយល័ក្ខអក្សរជូនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានាក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ជាដើម។
ដោយឡែកមន្រ្តីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនត្រូវផ្តល់ព័ត៌មានដល់សាធារណជននូវព័ត៌មានដូចជា ព័ត៌មានដែលតុលាការបានហាមក្នុងការផ្សព្វផ្សាយជាសាធារណៈ, ព័ត៌មានសម្ងាត់របស់បុគ្គលិកម្នាក់ៗនៅក្នុងដំណើរការជំនុំជំរះក្តី, សំណុំរឿងដែលស្ថិតនៅក្នុងការស៊ើបសួររបស់តុលាការ និងព័ត៌មានដែលនាំឱ្យអន្តរាយដលសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ជាសាធារណៈនោះឡើយ។
«មន្រ្តីទទួលបន្ទុកព័ត៌មាន ត្រូវផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ឬអ្នកស្នើសុំឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ចំពោះការស្នើសុំព័ត៌មានជាលាយល័ក្ខអក្សរ មន្រ្តីទទួលបន្ទុកព័ត៌មាន ត្រូវចាត់ចែងឆ្លើយតបឱ្យបានលឿន និងមិនត្រូវយឺតជាង៣០ថ្ងៃឡើយ»។ នេះបើតាមការបញ្ជាក់នៅក្នុងដីកាសម្រេចដដែលនេះ៕
ដោយ៖ វង្ស សំណាង