ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសមជាមួយ លោក ថងលួន ស៊ីសូលីត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ នាទីក្រុងវៀងចន្ទន៍ ខណៈសម្តេចប្រធានរដ្ឋសភា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋ សភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅក្នុង ប្រទេសឡាវ។
សម្តេចប្រធានរដ្ឋសភា បានជម្រាប ឯកឧត្តមប្រធានរដ្ឋ ពីគោលបំណងនៃ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសរវាងរដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ។
សម្តេចពញាចក្រី ហេង សំរិន បានអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនឡាវ សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កាន់តែល្អប្រសើរ ហើយកិត្យានុភាព និងតួនាទីរបស់មិត្តឡាវ កាន់តែត្រូវបានលើកកម្ពស់ លើឆាក អន្តរជាតិ។
លោក ថងលួន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួប ទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថា នឹងផ្តល់សារៈសំខាន់ នៅក្នុងការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពឡើង។
លោកប្រមុខរដ្ឋ បានអបអរសាទរចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា និងបានថ្លែង អំណរគុណដល់ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់ សំាងកូវីដ-១៩ រថយន្តដឹកវ៉ាក់សំាង និងបរិក្ខារពេទ្យជាច្រើនទៀត ដល់រដ្ឋាភិបាលឡាវ សម្រាប់ប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ៕ ដោយ៖ គង់ សេដ្ឋាមុនី