សៀមរាប៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៣ (EV Charging Station) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ប្រព្រឹតទៅក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
រដ្ឋមន្រ្តីក្រសួងសាធារណការ បានគូសបញ្ជាក់ថា ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីក្នុងក្រុងសៀមរាបនាពេលនេះ ជាទីតាំងលើកទី៣។ ហើយក្រសួងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង។
ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងសាធារណការ សង្ឃឹមយ៉ាងមុតមាំថា វិស័យឯកជនក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀតនឹងផ្ដល់ស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្តបន្ថែមទៀត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចទិញរថយន្តអគ្គិសនីឱ្យបានច្រើន និងប្រើប្រាស់បានទូលំទូលាយផងដែរ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីចាប់ផ្ដើមត្រួសត្រាយផ្លូវឱ្យវិស័យឯកជនចូលរួមលើការវិនិយោគក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី។
សូមរំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន៣ទីតាំង រួមមាន ៖ ទីតាំងទី១ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ទាំងនេះជាជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននៅកម្ពុជា៕
ដោយ៖ ឆឹម ទិត