សៀមរាប៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ។
ផេកក្រសួងសារធារណការកាលពីថ្ងៃទី១៣ ខែកញ្ញាបានផ្សាយថា ការចុះពិនិត្យនេះមានការប្រើប្រាស់នូវម៉ាស៊ីនរ៉ូប៉ូតត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។
ជាមួយគ្នានេះផងដែរ លោក ស៊ុន ចាន់ថុល ក៏បានចុះពិនិត្យ និងចាត់វិធានការដោះស្រាយ ក៏ដូចជា ស្វែងរកមូលហេតុនៃការបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ៕
ដោយ៖ សាន សៀងហៃ