ភ្នំពេញ៖ លោកស្រី យ៉ុតសាណា វ៉ាម៉ា (Jyotsana Varma) នាយកស្ថានតំណាងតែងតាំងថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះនិទស្សន៍សេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងបានអបអរសាទរកម្ពុជាក្នុងនាមជាប្រធានអាស៊ានចំពោះការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីដើមខែសីហា ឆ្នាំ២០២២ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិត្តិសព្ទរបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ។
លោកស្រី យ៉ុតសាណា វ៉ាម៉ា បានបង្ហាញនូវសុទិដ្ឋិនិយមបែបនេះ ក្នុងឱកាសនៃការទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២២។
ជាមួយគ្នានេះ ភាគីទាំងពីរ បានប្រកាសថា នឹងធ្វើការរួមគ្នាក្នុងអំឡុងពេលនៃឆ្នាំដ៏ប្រឈមនេះ សំដៅបន្តជំរុញនូវកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ក្រោយជំងឺកូវីដ-១៩។ លោក ប្រាក់ សុខុន ក៏បានជម្រាបលោកស្រី វ៉ាម៉ា ថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្ញើលិខិតអញ្ជើញប្រធាន ADB ជាភ្ញៀវរបស់ប្រធានអាស៊ាន ចូលរួមក្នុងកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដែលនឹងប្រារព្ធធ្វើឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕
ដោយ៖ គង់ សេដ្ឋាមុនី