សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបញ្ហាសំខាន់ ដែលអាស៊ានត្រូវគិតគូបន្ថែមទៀត គឺការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗ នៅក្នុងការបង្កើតពាណិជ្ជកម្មសកល។
ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៤កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិតណាស់ថា បញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ បរិស្ថាន បម្រែបម្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាត ជាដើម កំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុង គន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថា បញ្ហាទាំងនេះ នឹងតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ជាឧបករណ៍គាំពារនិយម បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ឬ ខិតខំកសាងច្បាប់ និង កិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឱ្យតែប្រទេសខ្លួន ឬ ក្រុមប្រទេសមួយក្តាប់តូច ដែលជា បក្សពួកខ្លួននោះឡើយ។
ក្នុងន័យនេះសម្តេចតេជោ បានផ្ដល់អនុសាសន៍ថា« អាស៊ានគួររួមគ្នាជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបម្រើឱ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង»។
ដោយឡែក នាពេលបច្ចុប្បន្ននេះ «ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហា បម្រែបម្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ដែល អាស៊ាន គួរពិចារណាលើគំនិតផ្តួចផ្តើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដូចដែលខ្ញុំធ្លាប់បានលើកឡើងកន្លងមកនេះ ក្នុងពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ»។ នេះជាការរំឭកម្ដងទៀត របស់ សម្តេចតេជោ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃនេះ៕
ដោយ៖ គង់ សេដ្ឋាមុនី