សៀមរាប៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំបក្សកាន់អំណាចបច្ចុប្បន្ន បានអះអាងថា បើទោះបីជាសម្តេចចាកចេញពីតួនាទីពីនាយករដ្ឋមន្រ្តីខាងមុខនេះក៏ដោយចុះ ក៏សម្តេចមានសិទ្ធិក្នុងការត្រួតពិនិត្យសកម្មភាពនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនានា ដោយសារតែសម្តេចនៅតែបន្តដឹកនាំជាបក្សគណបក្សកាន់អំណាចដដែល។
ថ្លែងនៅព្រឹកថ្ងៃទី១៣ កញ្ញានេះ ពីទីខេត្តសៀមរាប ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញ ពីតំបន់រមណីយដ្ឋានអង្គរ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា »បើទោះបីជាខ្ញុំចាកចេញពីតួនាទីជានាយករដ្ឋមន្រ្តី ខ្ញុំនៅតែធ្វើប្រធានគណបក្សប្រជាជនដដែល»។
«ខ្ញុំមានសិទ្ធិត្រួតពិនិត្យលើសកម្មភាពរបស់នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនានា បើធ្វើមិនត្រូវដកចេញប្រធានបក្សដកចេញចប់»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។
តែទោះបីជាយ៉ាងនេះក៏ដោយចុះ សម្តេច បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់សម្តេចបែបនេះ មិនមែនមានន័យថា ជាការត្រៀមបញ្ជានាយករដ្ឋមន្រ្តីថ្មីតាមក្រោយនោះទេ។ សម្តេច ថា ការបោះឆ្នោតនៅកម្ពុជា គឺគេបោះឱ្យគណបក្ស រួចហើយគណបក្សធ្វើបន្តទៅឱ្យនាយករដ្ឋមន្រ្តីដោយធ្វើការតែងតាំងនាយករដ្ឋមន្រ្តី៕
ដោយ៖ វង្ស សំណាង