រដ្ឋមន្រ្តីបរិស្ថានព្រមានដកហូតគម្រោងវិនិយោគទេសចរណ៍ណាដែលមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល

ពោធិសាត់៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ លោក អ៊ាង សុផល្លែត បានព្រមានដកហូតគម្រោងវិនិយោគទេសចរណ៍ទាំងឡាយណាដែល មិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទុកចោល ដោយគ្មានការអភិវឌ្ឍន៍ យកមកដាំកូនឈើជំនួសវិញ។

ការព្រមានរបស់លោក អ៊ាង សុផល្លែត ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ក្នុងពេលលោក ចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់លើគម្រោងវិនិយោគទេសចរណ៍ ១៣កន្លែង ស្ថិតត្រង់ចំណុចភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បើតាមក្រសួងបរិស្ថាន គម្រោងទាំង១៣ កន្លែងនោះ មានគម្រោងចំនួន៣ ស្ថិតនៅក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ ដែលទី១មានផ្ទៃដីទំហំ ៩,៨៦ហិចតា ,ទី២ ផ្ទៃដី៩,៦៧ ហិចតា និង ទី៣មានផ្ទៃដី ៨,៦៧ ហិចតា  ,គម្រោង២កន្លែងទៀត នៅជាប់តំបន់ស្នូល ដីទំហំចំនួន ៨,៦២ ហិចតា , មានផ្ទៃដីទំហំ ៧,០៧៩ ហិចតា ,និង៨គម្រោងទៀតនៅតំបន់ទឹកធ្លាក់ ក្រពើពីរ ដែលមានផ្ទៃដីប្រមាណជាង៦០ហិកតា ។

នាឱកាសនោះ លោក អ៊ាង សុផល្លែត បានថ្លែងថា ដោយមានបទបញ្ជារបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចុះត្រួតពិនិត្យនិងវាយតម្លៃ លើការគោរពច្បាប់និងធនធានធម្មជាតិ ចំពោះគម្រោងវិនិយោគទេសចរណ៍នានា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។

ជាមួយគ្នាន លោករដ្ឋមន្រ្តី រូបនេះ បានព្រមានថា ក្រសួងនឹងដកហូតមកវិញ និងធ្វើការដាំស្តារព្រៃឈើឡើងវិញ លើគម្រោងវិនិយោគណា ដែលត្រូវបានពិនិត្យនិងវាយតម្លៃឃើញថា គម្រោងមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទុកចោល មិនបានដំណើរការអភិវឌ្ឍជាច្រើនឆ្នាំកន្លងមក ។

ជាមួយគ្នានោះ  លោករដ្ឋមន្រ្តី បានថ្លែងថា ដើម្បីទទួលបានភាពបៃតងរបស់កម្ពុជា គឺយើងត្រូវរួមចំណែក ធ្វើយ៉ាងណាដាំដុះដើមឈើ ឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធានាការ ដាំដើមឈើយ៉ាងតិចចំនួន ១លាន ដើមក្នុង១ឆ្នាំ ដោយ ប្រជាពលរដ្ឋ អាចទទួលបានកូនឈើយកទៅដាំ ដោយឥតគិតថ្លៃពីក្រសួងបរិស្ថាន ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមសហគមន៍ លំនៅឋាន សាលារៀន វត្តអារាមជាដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ៕