លោក រដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រកាសប្ដេជ្ញាធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យ ក្លាយជាខេត្តដែលល្អដាច់គេក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាជន។ ការប្រកាសរបស់រដ្ឋមន្ត្រីរូបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ។
ថ្លែងទៅកាន់អង្គប្រជុំ លោករដ្ឋមន្ដ្រីបានលើកទឹកចិត្តដល់មន្ដ្រីរាជការនិងអាជ្ញាធរនៅឃុំទាំង៦នៃស្រុក បន្តយកចិត្តទុកដាក់បម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។
លោក ឌិត ទីណា បានប្ដេជ្ញាធ្វើឱ្យខេត្តបន្ទាយមានជ័យ មានសេវាសាធារណៈល្អដាច់គេ តាមរយៈការរៀបចំផ្ដល់មន្ដ្រីកិច្ចសន្យាបន្ថែមទៅកាន់ស្រុកនីមួយៗ តាមចំនួនដែលចាំបាច់។ សេវាសាធារណៈដែលល្អនិងលឿនរហ័ស សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី នឹងជួយសម្រួលដល់ប្រជាជននៅក្នុងមូលដ្ឋាននីមួយៗ ដែលអាចរួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា លោក រដ្ឋមន្ដ្រី ឌិត ទីណា កំពុងស្ថិតនៅក្នុងដំណើរបេសកកម្មរយៈពេលពេញមួយសប្ដាហ៍ ដើម្បីជួបប្រជុំជាមួយក្រុមការងារចុះមូលដ្ឋាននៅស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ។ ស្រុកថ្មពួក គឺជាស្រុកទី៤ហើយ ដែលឯកឧត្តមរដ្ឋមន្ដ្រី បានជួប និងស្ដាប់របាយការណ៍ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន៕