អ្នកនាំពាក្យ៖ ការតែងតាំងលោក ឈូក បណ្ឌិត ដែលធ្លាប់បាញ់កម្មការិនី៣នាក់ ឲ្យរងរបួសធ្ងន់ធ្ងរជា អគ្គនាយករងក្រសួងមហាផ្ទៃ មិនខុសច្បាប់ទេ

ភ្នំពេញ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា  ការតែងតាំង លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត នៃខេត្តស្វាយរៀង ដែលធ្លាប់បាញ់ប្រហារកម្មការិនី ចំនួន៣នាក់ ឲ្យរងរបួសធ្ងន់ធ្ងរ កាលពីអំឡុងឆ្នាំ២០១២ ឲ្យកាន់មុខតំណែងជា អគ្គនាយករង នៅក្នុងរចនាសម្ព័ន្ធអគ្គនាយកដ្ឋានរដ្ឋបាល ចំណុះក្រសួងមហាផ្ទៃ មិនខុសច្បាប់នោះទេ ។

ការបញ្ជាក់របស់លោក ទូច សុខៈ ធ្វើឡើងបន្ទាប់ពីមានសារធារណៈមតិបានរិះគន់ថា ការតែងតាំងលោក លោក ឈូក បណ្ឌិតជា អគ្គនាយករង នៅក្នុងរចនាសម្ព័ន្ធអគ្គនាយកដ្ឋានរដ្ឋបាល ចំណុះក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ៦៥អនក្រ.តត ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដូចខ្វះមនុស្សដែលមានសមត្ថកភាព ឬធ្វើឱុ្យអន់ថយស្ថាប័នជាតិជាដើម ។

យ៉ាងនេះ ក្តី លោក ទូច សុខៈ សង្កត់ធ្ងន់ថាលោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត នៃខេត្តស្វាយរៀង បានសារភាពកំហុស  របស់ខ្លួន ដែលធ្លាប់បានធ្វើ កាលនោះ ថា ធ្វើទាំងប្រថុចញុកពេក ។ ជាមួយគ្នានេះ លោក ឈូកបណ្ឌិត ក៏ទទួលទោសទណ្ឌរួចហើយដែរ  ជាមួយនឹងការសន្យាថា នឹងកែប្រែខ្លួន ឱ្យក្លាយជាពលរដ្ឋល្អ  និងមន្ត្រីល្អ បំរើការងាររបស់ខ្លួន តាមបទបញ្ជា និងតាមច្បាប់កំណត់រហូតមកទល់បច្ចុប្បន្ន។

ត្រង់ចំណុចនេះ លោក ទូច សុខៈ បញ្ជាក់ថា យោងតាមច្បាប់ មិនបានកំណត់ថា បុគ្គលដែលរងការចាប់ខ្លួន  ចោទប្រកាន់ និងផ្តន្ទាទោសនាំឱ្យបាត់ក្របខណ្ឌជាមន្ត្រី រាជការនោះទេ គ្រាន់តែផ្អាកពីតួនាទី ឬ ផ្ទេរពីទីតាំងមួយទៅកាន់ទីតាំងមួយទៀត ប៉ុណ្ណោះ ។ ឬក៏អាចដកពីតួនាទីក៏ថាបាន។

ជាមួយគ្នានេះ តាមលោក ទូច សុខៈ  លោក ឈូក បណ្ឌិត   កាលនោះ សម្តេច ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រីកម្ពុជា បានសម្រេចដកចេញតួនាទីពី ចៅហ្វាយក្រុងបាវិត​ឱ្យមកបំរើការងារនៅរដ្ឋបាលខេត្តស្វាយរៀងវិញ ។ ឆ្នាំ ២០២២ មានព្រះមហាក្សត្របានចេញព្រះរាក្រឹត្យមាន តម្លើសក្តិ៍ពីវរមន្ត្រី លេខ ៣  ជាឧត្តមមន្ត្រីថ្នាក់លេខ ៤ ដោយមើលពីការកែខ្លួន និង គោរពវិន័យ ច្បាប់ ។

លោក ទូច សុខៈ សង្កត់ទៀតថា ដោយមើលឃើញពីការកែខ្លួន គោរពបាននូវច្បាប់ និងសន្យាថា នឹងធ្វើជាមន្ត្រីល្អថែមទៀត   ថ្នាក់ដឹកនាំក៏បានអនុគ្រោះដល់លោក ឈូក បណ្ឌិត មានឱកាសកសាងគុណសម្បត្តិជូនពលរដ្ឋ អង្គភាព និងរាជរដ្ឋាភិបាល ។

អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាញ់​កម្មករ​រោងចក្រ​ចំនួន​៣​នាក់ កាលពី​ឆ្នាំ​២០១២​នោះ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ​ហើយ កាលពីដើមឆ្នាំ ២០១៧  ក្រោយពី​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​តុលាការ អស់​រយៈពេល​១៨​ខែ​។​

​លោក ឈូក បណ្ឌិត ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ១​ឆ្នាំកន្លះ និង​បង់ប្រាក់​សងជំងឺចិត្ត​ចំនួន ៣៨​លាន​រៀល ដល់​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ ។ ប៉ុន្តែ​ក្រោយពី​រត់គេចខ្លួន​អស់​រយៈពេល​ជាង ៣​ឆ្នាំ លោក ឈូក បណ្ឌិត សម្រេច​ដើរចូល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សារភាព​ដោយ​ស្ម​គ្រ​ចិត្ត កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៥ ។ ការចូល​ខ្លួន​មក​សារភាព​របស់លោក ឈូក បណ្ឌិត នៅ​គ្រានោះ បន្ទាប់ពីសម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង​ ប្រកាស​ឲ្យ​តាម​ចាប់ខ្លួន ។​

​សូម​រំឭកថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុង​បាវិត បាន​បាញ់​កម្មការិនី​រោងចក្រ​កៅ​រ៉េ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តស្វាយរៀង ចំនួន​៣​នាក់​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​២០ កុម្ភៈ​ឆ្នាំ​២០១២ នៅ​គ្រា​ដែល​កម្មករ​ទាំងនោះ បាន​ចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ពី​ថៅកែ​រោងចក្រ​។ កម្មការិនី​ទាំង​៣​នាក់​នោះ​គឺ កញ្ញា នុត សា​ខន កញ្ញា កែវ នា និង​កញ្ញា ប៊ុន ចិន្តា​៕