គ.ជ.ប ចាប់ផ្តើមចុះបញ្ជីគណប​ក្ស និងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្ងៃនេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ​  សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ចាប់ពីថ្ងៃទី២ ខែមីនា​ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

លោក  ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ ថ្លែងថា ការចុះបញ្ជីគណប​ក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេ​ល ៥ថ្ងៃ ដោយត្រូវចាប់ផ្តើម​ពីថ្ងៃទី២ ខែមីនា​ និងត្រូវបញ្ចប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤

លោក ឌឹម សុវណ្ណារុំ សង្កត់ធ្ងន់ថា៖« ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើ​ងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោ​យ គ.ជ.ប។ទម្រង់បែបបទ (ទ.១០០៨) មានផ្តល់ជូនដោយឥតគិតថ្លៃ ដែលគណបក្សនយោបាយ អាចមកទទួលយកនៅទីស្តីការ គ.ជ.ប លេខាធិការដ្ឋាននៃគណៈកម្មការរាជធានី​ ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ឬអាចទាញយកពីគេហទំ​ព័ររបស់​ គ.ជ.ប www.nec.gov.kh»។

តាមរយៈសេចក្តីប្រកាសព័ត៌មាន​របស់គ.ជ.ប នៅថ្ងៃទី ១ ខែមីនា​  លោក ឌឹម សុវណ្ណារុំ បានលើកឡើង ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោ​ត​ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ត្រូវបំពេញលក្ខខណ្ឌ និងមានលក្ខណសម្បត្តិ រួមមាន មានសញ្ជាតិខ្មែរពីកំណើត មានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានសិទ្ធិបោះឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌដែលកំ​ណត់​ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជ​ធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ (ច.ប.ក)។

ប្រភពដដែលនេះ បន្ថែមថា៖«ចំពោះភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន គឺ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សា-ធម្មនុញ្ញ រាជរដ្ឋាភិបាល ចៅក្រម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិក គ.ជ.ប គណៈកម្មការរៀបចំការបោះឆ្នោត និងមន្រ្តី បុគ្គលិកបម្រើការងាររៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ស៊ីវិល មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិក្នុងមុខតំណែង។ល។»។

បើតាម លោក ឌឹម សុវណ្ណារុំ ដើម្បីជួយសម្រួលដល់គណបក្សនយោបាយក្នុងការរៀបចំបញ្ជីបេក្ខជនរបស់ខ្លួន គ.ជ.ប បានដាក់ឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។

លោក ឌឹម សុវណ្ណារុំ សង្កត់ថា ៖១កម្មវិធីនេះបានជួយសម្រួលដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូ​វ​នៃបញ្ជីបេក្ខ​ជនរបស់ គណបក្សនយោបាយនីមួយៗ។ មកទល់ពេលនេះមានគណបក្សនយោបាយចំនួន ២ ហើយដែលបានដាក់ពាក្យស្នើសុំប្រើប្រាស់កម្មវិធីរៀបចំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយ គ.ជ.ប គឺ គណបក្ស ប្រជាជនកម្ពុជា និង គណប​ក្ស ឆន្ទៈខ្មែរ»

លោក គីមសួរ ភីរិទ្ធ ប្រធានក្រុមប្រឹក្សាវិន័យគណបក្ស ឆន្ទៈខ្មែរ នៅថ្ងៃទី ២ ខែមីនា នេះ ប្រាប់ថា គណបក្សរបស់លោក ក៏នឹងចុះឈ្មោះ និងដាក់បញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ នេះដែរ ដើម្បីតស៊ូមតិតាមរយៈការបោះឆ្នោត  ហើយ មកទល់ពេលនេះ គណបក្សបានរៀបចំទាំងបញ្ជី និងបេក្ខជន ស្ទើតែបាន ៩០ % ហើយ សម្រាប់ការបោះឆ្នោតដ៏សំខាន់មួយនេះ ។ ដូច្នេះ គ.ជ.បកំណត់ឱ្យ ៥ ថ្ងៃនេះ មិនជាបញ្ហាទេ ព្រោះគណបក្សបានត្រៀមខ្លួនតាំងពី២ ខែមុនមកម្លេះ ។

បើតាមគ.ជ. ប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជ​ធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕