ក្រសួងការងារ បានជូនដំណឹងជាសាធារណៈឱ្យម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី២៩ មីនានេះ។
ដោយឡែកចំពោះរោងចក្រ សហគ្រាស ដែលកម្មវត្ថុអាជីវកម្មមានចរិកលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកនេះធ្វើឡើងព្រមគ្នានៃកម្មករនិយោជិតក្នុងពេលតែ មួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់អាជីវកម្មនោះ ម្ចាស់រោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់វេនគ្នា។
ក្រសួង បានបន្តថា ម្ចាស់អាជីវកម្មត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុក ជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការ។
ក្រសួង បានបញ្ជាក់ថា កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្នើនិងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕