យើងឃើញថា ថ្មីៗនេះ មានការផ្ទុះអាវុធ ដែលបណ្តាលឱ្យស្លាប់មនុស្សនៅលើដងផ្លូវសាធារណៈចំពោះជនសង្ស័យថាបានលួចដណ្តើមម៉ូតូ(ប្លន់) ដែលគេដាក់ការសង្ស័យថា ជាការលួចដោយមានគ្នាច្រើន ហើយមានហឹង្សាទៅលើ ជនរងគ្រោះទៀតផង។
ចំពោះមរណៈភាពរបស់ជនសង្ស័យនេះ ធ្វើឱ្យមានមន្ទិលថា តើការផ្ទុះអាវុធរបស់ជនរងគ្រោះជាសមត្ថកិច្ច និងជាម្ចាស់ម៉ូតូ ដែលបណ្តាលឱ្យស្លាប់ជនសង្ស័យលួច ជាបទល្មើសធ្វេសប្រហែសដែលបណ្តាលឱ្យមនុស្សស្លាប់ ឬជាការការពារខ្លួនស្របច្បាប់ ឬជាអំពើឃាតកម្ម?
ដូច្នេះ សូមមកស្វែងយល់ជាមួយសារព័ត៌មានខ្មែរឈានមុនទាំងអស់គ្នា។
តើការដណ្តើមម៉ូតូពីជនរងគ្រោះតាមផ្លូវសាធារណៈ បែបនេះក្នុងក្រមព្រហ្មទណ្ឌ ហៅថាជាបទល្មើសអ្វី? ក្នុងករណីសកម្មភាពចោរតែម្នាក់ឯង ឬច្រើននាក់ ឬដោយមានអាវុធ?
ចំពោះការលួចតែម្នាក់ឯងពុំអាចទៅរួចទេ ព្រោះជនសង្ស័យ(ចោរ) ពុំអាចធ្វើសកម្មភាពតែម្នាក់ឯងបានទេ ព្រោះត្រូវមានមនុស្សម្នាក់ទៀត យ៉ាងតិចដើម្បីយកម៉ូតូពីជនរងគ្រោះ ពេលលួចបាន។
តែជាក់ស្តែង ជនសង្ស័យ ច្រើនតែមានគ្នាចាប់ពី ៣នាក់ ឬ៤នាក់ ដោយមាននាក់ដឹកនាំផ្លូវ ហើយគម្រាមឱ្យជនរងគ្រោះឈប់ ឬធាក់ផ្តួល ហើយអ្នកជិះពីក្រោយ ត្រៀមយកម៉ូតូនោះជិះចេញទៅជាមួយគ្នា។ ហើយជួនកាល គេមាន ម៉ូតូមួយគ្រឿងទៀតចាំបិទគូទ មានន័យថា ចាំការពារពេលជនរងគ្រោះស្រែកឱ្យគេជួយ ឬមានប្រជាពលរដ្ឋ ជួយដេញ គឺម៉ូតូនេះហើយចាំគៀរ ចាំធាក់ផ្តួល ឬបាញ់សម្លាប់បំបិទមាត់។ នេះជាបទល្មើសលួច ដោយមានស្ថានទម្ងន់ទោស ដោយសារជនសង្ស័យមានគ្នាច្រើននាក់ មានការរៀបចំទុកជាមុន អាចនឹងមានអាវុធទៀតផង។
យើងឃើញថា សកម្មភាពលួចម៉ូតូពេលជនរងគ្រោះកំពុងជិះ ជាបទល្មើសលួច ដោយប្រើហឹង្សា ឬអាចនឹងមាន អាវុធ(កាំភ្លើងខ្លី) ហើយដែលអាចបណ្តាលឱ្យជនរងគ្រោះមានគ្រោះថ្នាក់ដល់ពិការ ឬស្លាប់ទៀតផង។
ដូច្នេះសកម្មភាពលួចនេះ វាបង្ករគ្រោះថ្នាក់យ៉ាងខ្លាំងក្រៃលែងដល់ជនរងគ្រោះ និងសណ្តាប់ធ្នាប់របស់សង្គម។
យើងមកមើលពីជនរងគ្រោះវិញម្តង ករណីជនរងគ្រោះចេះការពារខ្លួនដោយដៃ ឬដោយអាវុធ។
ក្នុងករណីជនរងគ្រោះអាចការពារខ្លួនដោយដៃទទេ ដូចជាប្រវាយប្រតប់ដើម្បីដណ្តើមម៉ូតូមកវិញ បើជោគជ័យបានត្រឹមរួចខ្លួន យកម៉ូតូមកវិញ តែបើចាញ់ ជនរងគ្រោះអាចមានរបួស ឬស្លាប់ដោយសារការបិទគូទរបស់គូកនចោរដោយកាំបិត ឬកាំភ្លើង។
ចុះបើការការពារខ្លួនដោយប្រើកាំភ្លើងវិញ មាន២ករណី គឺករណី ចោរបានដកកាំភ្លើងបាញ់គម្រាម ឬប្រុងបាញ់ប្រហារលើជនរងគ្រោះ នោះជនរងគ្រោះអាចប្រើកាំភ្លើង ដើម្បីការពារខ្លួនស្របច្បាប់ តាមមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ ដែលចែងថា “បុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ បើការការពារខ្លួននោះចាំបាច់ដើម្បីការពារខ្លួន អ្នកដទៃ និងទ្រព្យសម្បត្តិប្រឈមនឹងការឈ្មានពានដែលមិនត្រឹមត្រូវ ដែលបានកើតឡើងក្នុងពលជាមួយគ្នា និងគ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាននោះទេ។
ចុះបើជនសង្ស័យ(ចោរ) គ្មានកាំភ្លើងទេ ហើយជងរងគ្រោះ ផ្ទុះអាវុធ បណ្តាលឱ្យជនសង្ស័យរបួស ឬស្លាប់ តើជនរងគ្រោះមានទោសឬទេ? ក្នុងករណីជនសង្ស័យរងគ្រោះដោយការផ្ទុះអាវុធនេះ ត្រូវបានដាក់ការសង្ស័យថា ជាការការពារខ្លួន ដែលមិនស្របនឹងមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌទេ ព្រោះជនសង្ស័យ បានបើកម៉ូតូរត់គេចចេញទៅហើយ មានន័យថា ជាការផ្ទុះអាវុធ ឬបាញ់ពីក្រោយ ដែលមធ្យោបាយការពារខ្លួនរបស់ជនរងគ្រោះនេះ មានវិសមាមាត្រនិងទម្ងន់នៃការឈ្លានបាន ព្រោះបានកាំភ្លើង។
ប៉ុន្តែ នេះគ្រាន់តែជាការសង្ស័យ ឬសេចក្តីសន្និដ្ឋានតែប៉ុណ្ណោះ។ ដូចបានដឹងហើយ ការការពារខ្លួនដោយស្រប់ច្បាប់ គឺជាការការពារដោយសមាមាត្រទៅនឹងកម្លាំងដែលបង្ករ។ ចុះបើចោរគ្មានកាំភ្លើងទេ ហើយជនរងគ្រោះដោយអំពើលួច បានផ្ទុះអាវុធ(បាញ់) នោះអាចជាបទល្មើសហើយបើសិនជា បានបាញ់ពីក្រោយ ឬពេលចោរកំពុងរត់គេច។ ក្នុងករណីនេះ មានតែរង់ចាំមើលពីកំណត់ហេតុនគរបាលយុត្តិធម៌ និងកោសល្យវិច័យរបស់មន្រ្តីសុខាភិបាល ហើយមានតែចៅក្រមទេ ទើបអាចសម្រេចថា ការផ្ទុះអាវុធ ឬបាញ់ប្រហារពីជនរងគ្រោះនៃអំពើលួច ឬប្លន់នោះ ជាការការពារខ្លួនដោយស្របច្បាប់ឬទេ?
យើងមកមើលពីស្ថានភាពជាក់ស្តែងវិញ ថាសកម្មភាពលួចដោយមានការគិតទុកជាមុន មានការរៀបចំទុកជាមុន មានដោយអាវុធ គឺជាសកម្មភាពដែលបណ្តាលឱ្យ ប្រជាពលរដ្ឋស្លូតត្រង់បើកបរតាមផ្លូវមានការភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំង ហើយជារើយៗ ជនរងគ្រោះតែងតែបាត់បង់នូវទ្រព្យសម្បត្តិដែលជាញើសឈាមខំរកដោយលំបាក ជួនកាលដួលធ្វើឱ្យរបួស ឬពិការមួយជីវិត ឬមានការបាញ់ប្រហារស្លាប់នៅនឹងកន្លែងផងក៏មាន។ ដូច្នេះ គួតែផ្តល់សិទ្ធិសេរីភាពឱ្យពលរដ្ឋបានការពារខ្លួនឱ្យបានទូលំទូលាយ។
ការដាក់ទោសទណ្ឌជនល្មើស ត្រូវតែធ្វើឱ្យតុលាការជាដាច់ខាត។ ប៉ុន្តែជនល្មើស ក៏ត្រូវតែមានវិធានការរឹតបន្តឹងឱ្យបានជាមុន ដើម្បីបង្កា និងទប់ស្កាត់បទល្មើសលួច និងឆក់តាមដងវិថី ជាមុន ជាជាងការរង់ចាំតែបង្ក្រាបបទល្មើស ព្រោះទោះបី មិនបាន ឬបង្ក្រាបបានក៏នៅតែមានការខូចខាតដល់សង្គមដូចគ្នា។
វិបាក! បើការការពារខ្លួនដោយស្របច្បាប់ បានបំពានលើសិទ្ធិរស់រានមានជីវិត ដោយការបាញ់ប្រហារជនសង្ស័យ នៅនឹងកន្លែង ជាការរំលោភរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល ដោយមិនបានឆ្លងកាត់ការកាត់ក្តីនៅតុលាការ។ ហើយបទល្មើសទាំងឡាយ ពុំអាចត្រុវបានកាត់ក្តីដោយការប្រហារជីវិតឡើយ។ ព្រោះម៉ូតូមួយគ្រឿង ពុំអាចស្មើនឹងជីវិតមួយបានឡើយ។ បើចោរលួចបាត់ យើងអាចទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរក។ យើងជ្រកក្រោមម្លប់សន្តិភាព ហើយមានអាជ្ញាធរការពារសន្តិសុខ ជូនប្រជាជន។
បើប្រជាជន អាចផ្ទុះអាវុធការពារខ្លួន និងទ្រព្យសម្បត្តិបានដោយចិត្តឯង វាជាការប្រមាថទៅលើសមត្ថភាពរបស់កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ថាអសមត្ថភាពក្នុងការគ្រប់គ្រង និងថែរក្សាសុវត្ថិភាព និងសុខដមរម្យនារបស់ប្រជាពលរដ្ឋ។ ហើយនៅពេលក្រោយទៀត អ្នកកាន់អាវុធ ឬកាំភ្លើង អាចប្រើមូលហេតុ(លេស) ដើម្បីសម្លាប់មនុស្ស ឬសងសឹកលើជនដែលខ្លួនស្អប់ ឬគុំគួន ដោយមានការរៀបចំទុកជាមុន ដើម្បីកាត់សេចក្តីក្រៅប្រព័ន្ធតុលាការ ដែលការប្រព្រឹត្តនេះ ជាការគម្រាមកំហែងយ៉ាងខ្លាំង ដល់សន្តិសុខ និងអាយុជីវិតរបស់ប្រជាពលរដ្ឋផ្សេងទៀតទូទាំងប្រទេស។
ដើម្បីទប់ស្កាត់ ឬបង្ការបទល្មើស លួច និងប្លន់បាន អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវតែលុបបំបាត់នូវហាងបញ្ចាំ ឬទីន្លែងដែលទទួលទិញយានជំនិះ ឬទូរស័ព្ទទំនើបៗ ដែលពុំមានឯកសារបញ្ជាក់ ឬគ្មានប្រភពច្បាស់លាស់ ដែលសកម្មភាពអាជីវកម្មទាំងអស់នេះហើយ ដែលទាក់ទាញបទល្មើសតាមដងវិថី និងបង្ករគ្រោះមហន្តរាយគួរឱ្យព្រួយបារម្ភ និងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ប្រសិនបើជនរងគ្រោះជាជនបរទេសដែលស្នាក់នៅកម្ពុជា ឬទេសចរណ៍អន្តរជាតិ ហើយធ្វើឱ្យបាត់ប្រប្រយោជន៍សេដ្ឋកិច្ចជាតិដោយប្រយោលទៀតផង។
រៀបរាងអត្ថបទដោយ លោក KPS