ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះ បានប្រកាសឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងបានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុននេះគឺធ្វើឡើង តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្រ្តីជប៉ុននឹងមានជំនួបទ្វេភាគីជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ត។ ជំនួបនោះភាគីទាំងពីរនឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
ក្នុងនោះវិស័យពាណិជ្ជកម្មនិងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ ព្រមទាំងវិស័យផ្សេងៗទៀត។ នេះបើយោងតាមសេចក្តីប្រកាសដដែលនេះ។
ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ដោយឡែកពេលបញ្ចប់ជំនួប ភាគីទាំងពីរនឹងធ្វើសន្និសីទកាសែតរួមគ្នា និងចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំ។
បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុននៅកម្ពុជានេះ បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនងល្អដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕