កូរ៉េ៖ កីឡាការិនីកម្ពុជា ស្រួង ភាវី នៅថ្ងៃទី ១២ ខែកុម្ភៈនេះ បានលើកឡើងថា ដើម្បីបានលើកកិត្យានុភាព មោទកភាព និងភាពក្លាហាន ខ្លាំងក្លារបស់ជនជាតិខ្មែរ ខ្ញុំសូមស៊ូខ្សោះអស់ពីក្នុងខ្លួន បូជាទាំងកម្លាំង កាយ ចិត្ត។
ការលើកឡើងរបស់កីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះ ធ្វើឡើងក្រោយបានឈ្នះពានទី៧របស់LPBA ដែលធ្វើការប្រកួតនៅក្នុងប្រទេសកូរ៉េ ខាងត្បូង និបន្ទាប់ពីការយកឈ្នះកីឡាការិនីរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤លើប្រភេទកីឡាប៊ីយ៉ាការ៉ុម ។
កីឡាការិនីស្រួង ភាវី បានបញ្ជាក់ថា៖«ហេីយសម្រាប់រូបខ្ញុំផ្ទាល់ដេីម្បីបានលេីកកិត្យានុភាព មោទកភាព និងភាពក្លាហាន ខ្លាំងក្លារបស់ជនជាតិខ្មែរ ខ្ញុំសូមស៊ូខ្សោះអស់ពីក្នុងខ្លួន បូជាទាំងកម្លាំង កាយ ចិត្ត ធ្វើយ៉ាងណាពុះពារតស៊ូរហូតបានទទួលនូវអ្វីដែលពុកម៉ែបងប្អូនចង់ឃើញ ចង់បាន ពីកូនស្រីកម្ពុជាម្នាក់នេះ»។
កីឡាការិនីរូបនេះ បន្ថែមថា៖«ព្រោះតែជំពាក់គុណបុព្វបុរសខ្មែរគ្រប់ជំនាន់ទេីបរូបខ្ញុំខំប្រឹង ដេីម្បីតបស្នងនូវគុណូបការៈ មហាបុព្វបុរសខ្មែរគ្រប់ជំនាន់»។
សំណេរ របស់កីឡាការិនីរូបនេះនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី ១១ ខែកុម្ភៈ នៅក្រោយទទួលបានជោគជ័យបានឱ្យដឹងថា ៖«ពានទី៧របស់LPBAដែលខ្ញុំបានលើកក្នុងថ្ងៃនេះ ! » កីឡាការិនី រូបនេះ ជឿជាក់ថាពុកម៉ែបងប្អូនសុទ្ធតែធ្លាប់ឆ្លងកាត់នូវស្ថានភាពនេះគ្រប់ៗគ្នា គឺថារាល់កិច្ចការទាំងអស់ដែលយេីងសម្រេចបានដោយការតស៊ូពុះពារដ៏ស្វិតស្វាញ នោះប្រាកដជាហត់នឿយតាំងពីចាប់ផ្ដើមរហូតដល់ពេលសម្រេចបាននូវលទ្ធផល នោះរូបរាងកាយរបស់យើងនឹងទ្រុឌទ្រោមជាទំងន់ ។ ប៉ុន្តែដោយហេតុយើងសប្បាយរីករាយនូវលទ្ធផលដែលយេីងសម្រេចបានដោយសេចក្ដីព្យាយាមដ៏មោះមុតនេះ ធ្វើឱ្យភ្លេចអស់នូវការហត់នឿយទាំងប៉ុន្មានដែលបានឆ្លងផុតវាដោយលំបាកលំបិននោះ៕