ភ្នំពេញ៖ នរសិង្ហ ជាអវតារទី៤ក្នុងចំណោមអវតារទាំង១០របស់ព្រះនារាយណ៍ដែល នរសិង្ហនេះ មានដងខ្លួនមនុស្សនិងក្បាលតោ។ នៅក្នុងរឿងទេវកថាមួយបានដំណាលថា៖ គ្រាមួយ មានយក្សឈ្មោះហិរិណ្យកសីពុ ពាក់អាវពណ៌មាស ទទួលពរពីព្រះព្រហ្ម ដោយមិនអាចស្លាប់ពេលថ្ងៃ ឬពេលយប់ និងមិនអាចសម្លាប់ដោយអាទិទេព ឬ មនុស្ស ឬសត្វឡើយ។
ដោយមានមហិទ្ធិរិទ្ធិខ្លាំងក្លាបែបនេះ ទើបហិរិណ្យកសីពុតែងតែធ្វើបាបអាទិទេព ព្រមទាំងគំរាមកំហែងដល់កូនរបស់ខ្លួនឈ្មោះថាព្រះលាទ ដែលជាបុគ្គលមួយរូបគោរពបូជាយ៉ាងជ្រាលជ្រៅទៅលើព្រះនារាយណ៍។
ហិរិណ្យកសីពុ តែងរំខាន និងហាមប្រាមដល់ការគោរពបូជារបស់កូនខ្លួនចំពោះព្រះនារាយណ៍ និងប្រកាសចេញមុខផ្ទាល់ដើម្បីតតាំងប្រយុទ្ធជាមួយព្រះនារាយណ៍។ នៅរសៀលថ្ងៃមួយ ហិរិណ្យកសីពុ ពោលឡើងថា «ប្រសិនបើព្រះនារាយណ៍នៅគ្រប់ទិសទីមែនគួរតែចេញពីសសររបស់រាជវាំងភ្លាម» រួចក៏ទាត់សសរមួយជើង អំឡុងពេលដែលខ្លួនកំពុងតែពោលនោះ។
ស្រាប់តែព្រះនារាយណ៍បានលេចខ្លួនឡើងចេញពីសសរ ក្រោមរូបភាពមានខ្លួនជាមនុស្សក្បាលជាតោ អូសយក្សហិរិណ្យកសីពុទៅកាន់មាត់ទ្វារ និងហែកសម្លាប់ក្នុងពេលនោះទៅ។
ពររបស់ព្រះព្រហ្មគ្មានប្រសិទ្ធភាពទៀតឡើយ ដ្បិតព្រះនារាយណ៍បែងភាគជានរសិង្ហ(ពាក់កណ្តាលមនុស្ស ពាក់កណ្តាលជាសត្វតោ) ដែលមិនមែនអាទិទេព ក៏មិនមែនសត្វ និងមិនមែនមនុស្ស។ សម្លាប់មិនមែនយប់មិនមែនថ្ងៃ គឺពេលព្រលប់ ហើយមិនមែននៅក្នុងផ្ទះ ឬ ក្រៅផ្ទះតែស្ថិតនៅក្លោងទ្វារ។
ប្រតិមានរសិង្ហ ដែលជាសមុច្ច័យរបស់សារមន្ទីរជាតិកម្ពុជា កំពុងដាក់តាំងបង្ហាញនៅថែវសម័យអង្គរ (ស្ថិតនៅភាគខាងលិចនៃអគារសារមន្ទីរជាតិកម្ពុជា)។ ធ្វើពីថ្មភក់ពណ៌ផ្កាឈូកក្រហម (ប្រភេទនេះមិនសូវសម្បូរទេ ភាគច្រើនការប្រើប្រាស់ឃើញនៅលើចម្លាក់និងសំណង់ប្រាសាទបន្ទាយស្រីចុងស.វ.ទី១០)។
ប្រតិមានរសិង្ហអង្គនេះ មានតួនាទីជាទ្វារបាល មានប្រភពដើមស្ថិតនៅក្លោងទ្វារតួប៉មកណ្តាលនៃប្រាសាទបន្ទាយស្រី ខេត្តសៀមរាប។ ស្ថិតក្នុងរចនាបទបន្ទាយស្រី នាចុងសតវត្សទី១០។
ប្រតិមានេះស្លៀកសំពត់ខ្លីលើជង្គង់លម្អដោយភ្លីឆ្នូតៗ អង្គុយលើជើងឆ្វេងដែលបត់មកក្រោយ បញ្ឈរជង្គង់ស្តាំ រីឯដៃឆ្វេងដាក់លើភ្លៅ ដៃស្តាំកាន់ដុំពេជ្រ(វជ្រ) ដែលជាតំណាងឲ្យរន្ទះ។ សក់វែងប្រះស្មា សក់រមូលដូចគូទខ្ចៅ ចិញ្ចើមកោង ភ្នែកធំត្រចៀកច្រមុះលម្អដោយក្បាច់សុទ្ធសឹងជាទីសម្គាល់ថាជារចនាបទបន្ទាយស្រី៕