ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ច.ប.ព.ស) និងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ច.ប.ត.រ) ការឃោសនាបោះឆ្នោតមានទិសដៅឱ្យបេក្ខជន និង គណបក្សនយោបាយដែលបានចុះបញ្ជី ធ្វើការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។
នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច.ប.ព.ស ច.ប.ត.រ ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត (ច.វ.ច.ប) បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គ.ជ.ប ដើម្បីធានាថា ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្ថិភាព។
ជាមួយគ្នានោះ គ.ជ.ប បាន អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗអាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពច្បាប់ជាធរមាន ដើម្បីធ្វើយ៉ាងណាឱ្យការឃោសនាបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន ធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕