ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងព្រះនាង នរោត្តម ជេនណា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានរៀបចំក្រុងពាលីបួងសួងសុំសេចក្តីសុខ ត្រៀមបើកពិធីឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ និង ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤ នៅបរិវេណព្រលានជល់ដំរី នៃក្រុងអង្គរធំ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-ស្ថាប័ន និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងជំនួបទ្វេរភាគីរវាងសម្តេចធិបតីជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ប្រទេសទាំងពីរក្រោយវិបត្តិកូវីដ-១៩ ដែលពិធីនេះនឹងប្រារម្ភទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ។
ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ជាព្រឹត្តិការណ៍មួយអាចឲ្យកម្ពុជាផ្សព្វផ្សាយពីសក្តានុពល និងផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាបានកាន់តែច្រើនទៅលើឆាកអន្តរជាតិ។ ជាពិសេសដល់ប្រជាជនចិន ដើម្បីមកទស្សនាកម្ពុជាឲ្យកាន់តែច្រើន ជាចលករមួយធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅឆ្នាំ២០២៤នេះ ស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ «ទស្សនាអង្គរ ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ។
ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងទេសចរណ៍ និងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិនក្រោមអធិបតីភាព លោក លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងសម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ ព្រឹត្តិការណ៍នេះក៏នឹងមានវត្តមានថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃប្រទេសចិន និងសិល្បករ សិល្បការិនី អ្នកទេសចរចិនប្រមាណ ៥០០នាក់ចូលរួម ព្រមទាំងមានការសម្តែងសិល្បៈ របាំ និងតន្ត្រីផ្សេងៗ បង្ហាញនូវការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ដែលជាការបញ្ជាក់នូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាង ទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិតៗ ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ៕