លោក ស សុខា និងឯកអគ្គរដ្ឋទូតអាមេរិក ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើកិច្ចការច្បាប់

ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិកក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។

ការកត់សម្គាល់ប្រកបដោយសុទិ្ឋនិយមដូចគ្នា នេះត្រូវបានបញ្ជាក់ឡើង ក្នុងឱកាសដែលលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូន លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះដែរ លោក ស សុខា បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះទំនាក់ទំនងការទូត ដ៏យូរ លង់រវាងកម្ពុជា និងអាមេរិក ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការអភិវឌ្ឍ រីកចម្រើន និងបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។

ជាមួយគ្នានោះ លោក ស សុខា ក៏បានថ្លែងអំណរគុណ ឯកឧត្តម Patrick Murphy ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងអាណត្តិបេសកកម្មការទូត ដែលកន្លងមក ឯកឧត្តមតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ បរិស្ថាន ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។

ជាការឆ្លើយតប លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ។

ដូចគ្នានេះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និង លទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេលកន្លងមកនេះ និងរំពឹងទុកថា កិច្ចសហប្រតិបត្តិការ លើកិច្ចការច្បាប់រវាងភាគីទាំងពីរនឹងបន្តផ្ដល់លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត។

ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសេីរឡេីងថែមទៀត លោកឧបនាយករដ្ឋមន្ត្រី និង ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ ដោយពិនិត្យលទ្ធភាព ទៅលើវិធានការនានាសំដៅសម្របសម្រួល និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាងផងដែរ៕