ភ្នំពេញ៖ អ្នកសិក្សាការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច លោក ជ័យ តិច បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គួរលើកយកចំណុចសំខាន់ៗមួយចំនួន ទៅពិភាក្សាជាមួយបារាំង ជាពិសេសពាក់ព័ន្ធជាមួយបញ្ហា ប្រព័ន្ធអនុគ្រោះពន្ធ (EBA) និងបញ្ហាព្រំដែន របស់កម្ពុជា ជាមួយវៀតណាម ដែលនៅសេសសល់ មិនទាន់ដោះស្រាយចប់នៅឡើយ។
ការលើកឡើងរបស់លោក ជ័យ តិច បែបនេះ បន្ទាប់ពីទទួលដំណឹងថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ តបតាមការអញ្ជើញរបស់ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
ថ្លែងប្រាប់អង្គភាពសារព័ត៌មានខ្មែរឈានមុខ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក ជ័យ តិច ថា ការអញ្ជើញ របស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលអញ្ជើញ សម្ដេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង គឺជារឿងមួយដែលល្អ ហើយត្រូវចូលរួមអបអរសាទរ ដែលនឹងធ្វើឱ្យទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកាន់តែមានភាព ស្និទ្ធស្នាលបន្ថែមទៀត។
លោកបន្តថា «ចំណុចសំខាន់ៗមួយចំនួន ដែលកម្ពុជាគួរតែពិក្សាជាមួយនឹងបារាំងដែលជាបងធំនៅបណ្ដាសហគមន៍ អឺរ៉ុបនេះ៖ ទី១.គឺការលើកទំនាក់ទំនងការទូត ទី២.ពាក់ព័ន្ធជាមួយបញ្ហាសេដ្ឋកិច្ច ដែលមានទាក់ទងជាមួយការផ្ដល់ EBAឡើងវិញមកដល់កម្ពុជា ទាក់ទងការនាំចូលសម្លៀកបំពាក់ ឧស្សាហកម្មកាត់ដេរ ពីប្រទេសកម្ពុជា ទាក់ទងការនាំចូលជួយទិញ កសិផលពីកម្ពុជា ទី៣.ទាក់ទងវិស័យទេសចរណ៍ គឺជម្រុញឱ្យភ្ញៀវទេសចរណ៍ពីបារាំង ក៏ដូចជាបណ្ដាប្រទេសអឺរ៉ុបមកកម្ពុជាបន្ថែម ទី៤.ទាក់ទងទៅនឹងវប្បធម៌ ដែលកន្លងមកបារាំងបានជួយយ៉ាងច្រើន ដូចជា៖ ជួយជួសជុលប្រាសាទ និងបេតិកភ័ណ្ឌផ្សេងៗ ដល់កម្ពុជា ហើយសូមឱ្យបារាំងបន្តជួយបន្ថែមទៀត ទី៥.ទាក់ទងនឹងវិស័យថាមពល គឺយើងអាចពិនិត្យមើលអ្នកវិនិយោគពីបារាំង ក្នុងការវិនិយោគ ពីសត្តានុពល នៃការឃួងយកប្រេង រ៉ែធម្មជាតិមួយចំនួនរបស់កម្ពុជា ទី៦. ទាក់ទងនឹងការសិក្សាអប់រំ សូមបារាំងជួយផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសបារាំងបន្ថែមទៀត និងទី៧.ទាក់ទងនឹងបញ្ហាព្រំដែន ដោយសារប្រទេសបារាំង ជាអតីតអនានិគម នៅឥណ្ឌូចិន អញ្ចឹងទេ ពាក់ព័ន្ធជាមួយបញ្ហាព្រំដែនរបស់កម្ពុជា ដែលមាននៅសេសសល់ជាមួយប្រទេសវៀតណាម ១៦%ទៀត ដែលមានបញ្ហាខ្វែងគំនិតគ្នា ទាក់ទងទៅនឹងផែនទី ទៅលើគំនូសព្រំដែននេះ។ ចឹងសំណូមពរឱ្យប្រទេសបារាំងផ្ដល់នូវផែនទី ក៏ដូចជាផ្ដល់នូវការសម្របសម្រួល ដើម្បីបញ្ចប់ការគូសបន្ទាត់ព្រំដែន ដែលនៅសេសសល់១៦% រវាងកម្ពុជានិងវៀតណាម»។
ជាមួយគ្នានោះ អ្នកសិក្សាការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា តាមរយៈដំណើរទស្សនកិច្ច របស់សម្ដេច ហ៊ុន ម៉ាណែត នៅបារាំងនាពេលខាងមុខនេះ គឺជារឿងមួយដ៏ល្អ ក្នុងការលើកមាត់របស់កម្ពុជា លើឆាកអន្តរជាតិបន្ថែម៕