ភ្នំពេញ៖ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាតេឡេក្រាមជ្រើសរើសពលករទៅអ៊ីស្រាអែល ឈ្មោះ MEAN Sodara និងឈ្មោះISRAEL WORK 2024 គឺខុសច្បាប់។ នេះបើតាមបើតាមបណ្តាញតេឡេក្រាមរបស់លោករដ្ឋមន្ត្រីនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ។
លោកថា៖ “មុននេះ ខ្ញុំទើបទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់មួយឈ្មោះ ISRAEL WORK 2024 ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៊ីស្រាអែល ដោយខុសច្បាប់”។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បាន បញ្ចាក់ជូនសាធារណជនថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលនៅឡើយ ពោលគឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។
លោក បន្តថា៖ “ហេតុដូច្នេះ សូមសាធារណជនមេត្តាជ្រាប និងប្រុសប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយនៅតេលេក្រាមកាណល់ ISRAEL WORK 2024 ឱ្យសោះ។ ក្រសួង កំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដើម្បីចាត់វិធានការណ៍ដល់បុគ្គលពាក់ព័ន្ធ”។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងធ្វើការជូនដំណឹងជាសាធារណៈនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រអែលជាផ្លូវការ៕