ភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរ មួយកន្លែងកើតឡើងនៅវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចរោងចក្រកាត់ដេរ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ក្រោយពីទទួលបានលេខទូរស័ព្ទរបស់បងប្អូនប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅគោលដៅ ធ្វេីការចេញរថយន្តជួយអ ន្តរាគមន៍ភ្លាមៗផងដែរ។
លោក ព្រហ្ម យ៉ន បានបន្តថា ហេតុការណ៍ អគ្គិភ័យឆាបឆេះខាងលេីនេះ ត្រូវបានកម្លាំងជំនាញបានធ្វេីការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង ១២និង៥០នាទីនាថ្ងៃខែឆ្នាំដដែរ ។ ដោយក្នុងនោះប្រើប្រាស់រថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦មែត្រគូប។
លោក ព្រហ្ម យ៉ន បានបន្តទៀតថា ចំពោះមូលហេតុខាងលេី គឺបណ្តាលមកពីការឆ្លងកម្តៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ ហេីយអគ្គិភ័យនេះធ្វើឲ្យខូចខាតសំយាបដំបូលដែកប្រកស័ង្កសី ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ) អស់មួយចំហៀង រួមទាំងម៉ូតូចំនួន ៣០គ្រឿង និងឡដុតចំហាយចំនួន០១ឡ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕