សម្តេច ស ខេង ណែនាំឱ្យចាត់វិធានការចំពោះមន្រ្តីក្នុងក្របខណ្ឌក្រសួងដែលមានវិសមិតភាពជាមួយវិជ្ជាជីវៈមេធាវី

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យមានការចាត់វិធានការចំពោះមន្រ្តីរាជការក្រសួងមហាផ្ទៃ ដែលមានវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី សំដៅពង្រឹងការអនុវត្តច្បាប់ អនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីក្រោមក្រសួងមហាផ្ទៃ និងជៀសវាងមន្រ្តីរាជការមានវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈមេធាវី។

ក្នុងសេចក្តីណែនាំចុះហត្ថលេខាដោយសម្តេច កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេច បានណែនាំឱ្យបញ្ចូនបញ្ជីឈ្មោះមេធាវី ដែលស្តិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវីជូនគ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ។

បើតាមសម្តេច ការសម្រេចធ្វើបែបនេះគឺដើម្បីធ្វើជាមូលដ្ឋានក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះមន្រ្តីរាជការដែលប្រកបវិជ្ជាជីវៈជាមេធាវី ខណៈពេលកំពុងបំពេញមុខងារសាធារណៈ។

ក្នុងសេចក្តីណែនាំដដែលនេះ សម្តេច បានសង្កត់ធ្ងន់ថា “ក្នុងករណីដែលមន្រ្តីរាជការចំណុះអង្គភាពរបស់ខ្លួនប្រកបវិជ្ជាជីវៈជាមេធាវី និងពុំមានឈ្មោះក្នុងបញ្ជីឈ្មោះមេធាវីដែលស្ថិតនៅក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវីទេ ប្រធានអង្គភាព ត្រូវណែនាំសាមីខ្លួនឱ្យប្រញាប់រួសរាន់សម្រេចជ្រើសរើសយកវិជ្ជាជីវៈតែមួយ ដោយទុករយៈពេលបីខែ គិតពីថ្ងៃចេញសេចក្តីណែនាំនេះ”។

សម្តេច ព្រមានថា “បើសាមីខ្លួននៅតែពុំជ្រើសរើសយកវិជ្ជាជីវៈតែមួយនោះទេ ប្រធានអង្គភាពត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរក្រសួងមហាផ្ទៃ ដើម្បីក្រសួងចាត់វិធានការដោយលុបឈោះចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ”។

ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីកន្លងទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំម្តងរួចមកហើយស្តីពីវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្រ្តីរាជការក្រសួងមហាផ្ទៃ ដើម្បីឱ្យមន្រ្តីរាជការក្រោមឱវាទក្រសួងធ្វើការជ្រើសរើសការបំពេញមុខងារជាមន្រ្តីរាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈមេធាវី៕