រដ្ឋមន្រ្តីក្រសួងដែនដីជូនដំណឹងឱ្យអភិបាលរាជធានី ខេត្ត ទប់ស្កាត់ការសាងសង់ ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដី លោក ជា សុផារ៉ា បានជូនដំណឹងឱ្យអភិបាលរាជធានី ខេត្ត ធ្វើការទប់ស្កាត់ការសាងសង់ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត ខណៈដែលក្រសួងមិនអនុញ្ញាតឱ្យមានការដ្ឋានសំណង់ចាប់ផ្តើមដំណើរការសាងសង់ឬរុះរើ ដោយគ្មានប្លង់ស្ថាបត្យកម្មនិងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ នេះបើយោងលិខិតចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នេះ ដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា។

ក្នុងលិខិតដដែលនេះ ក្រសួងចាត់ទុកសកម្មភាពខាងលើនេះជាអំពើខុសច្បាប់ ដែលអាចបង្កឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាគម្លាត គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ សណ្តាប់ធ្នាប់សាធារណៈ សោភណភាព ការរស់នៅប្រកបដោយចីរភាព និងអាចបង្កឱ្យមានវិវាទផងដែរ។ ក្នុងន័យនេះ ក្រសួងជំរុញឱ្យអភិបាលរាជធានី ខេត្ត ជំរុញការតាមដានត្រួតពិនិត្យចាត់វិធានការទប់ស្កាត់ការសាងសង់ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត និងចាត់ចែងដាក់ទណ្ឌកម្មចំពោះជនដែលប្រព្រឹត្តិអំពើល្មើសនឹងបទប្បញ្ញត្តិស្តីពីសំណង់។

ក្រសួង បន្តថា ក្នុងនោះការតម្រូវឱ្យម្ចាស់សំណង់កែសម្រួលឬរុះរើសំណង់ ការហាមឃាត់ការប្រើប្រាស់ ការប្រកបអាជីវកម្ម ការចាត់ចែង និងការធ្វើចរន្តការនានាដូចជាការមិនអនុញ្ញាតឱ្យធ្វើការបញ្ជាក់ ការដាក់ហ៊ីប៉ូតែក ការផ្ទេរ ឬលក់-ទិញ ពាក់ព័ន្ធនឹងសំណង់ដែលគ្មានលិខិតអនុញ្ញាត។

ជាមួយគ្នានេះផងដែរ ក្រសួងក៏បានណែនាំឱ្យអភិបាលរាជធានី ខេត្ត ធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្នើសុំរឹបអូសសម្ភារៈ បរិក្ខារ និងឧបករណ៍ផ្សេងៗទៀត ការផ្តន្ទាទោសពិន័យជាប្រាក់ ការផ្តន្ទាទោសដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុន ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស និងការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសជាសាធារណៈ៕