សម្ដេច ហ៊ុន ម៉ាណែត៖ ត្រូវពង្រឹងទីផ្សារចាស់ដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីបន្ថែម

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ត្រូវធ្វើការពង្រឹងទីផ្សារចាស់ដែលមានស្រាប់ឱ្យបានល្អ ហើយនិងត្រូវពង្រីកទីផ្សារថ្មីបន្ថែមទៀត តាមរយៈការធានាគុណភាពឱ្យបានល្អ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម សម្ដេចបានថ្លែងថា ថ្វីត្បិតនៅក្នុងឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏មានការលំបាកចំពោះសេដ្ឋកិច្ចកម្ពុជា ដោយទទួលរងឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចសកលក្ដី តែរាជរដ្ឋាភិបាលបានកត់សម្គាល់ឃើញថា ក្រសួងពាណិជ្ជកម្ម បានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ដោយបានពង្រឹងកាលានុវត្តភាព នៃវិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈការសម្រេចបាននូវការចរចានិងដាក់ឱ្យប្រើប្រាស់ចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិ្ជកម្ម សេរីទ្វេរ និងពហុភាគីសំខាន់ៗចំនួនបួន រួមមាន៖ ទី១.គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ទី២.កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ទី៣.កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ិប និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្ពុជា អេម៉ារ៉ាប់ អារ៉ាប់រួមសេប៉ាល់។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា «ឥលូវនេះគឺជាបុគ្គលចរថ្មីមួយ ក្នុងការអនុវត្តគោលនយោបាយ ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា។ អភិក្រមនេះគឺជាអភិក្រមដែលយើងត្រូវ ព្យាយាមនិងអនុវត្តឱ្យបានគ្រប់ពេល។ រក្សានិងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី ពាក្យនេះស្រួលនិយាយតែពិបាកធ្វើ ទី១ការរក្សាទីផ្សារ វាមិនមែនយើងចូលទៅធ្វើពាណិជ្ជកម្មជាមួយប្រទេសមួយ គេរក្សាយើង! ទិញយើងរាប់ឆ្នាំនោះទេ! បើយើងមិនខំប្រឹងថែរក្សាប្រ៊េន។ ហើយនេះគឺជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់ ទីផ្សារដែលបើកហើយ គឺត្រូវព្យាយាមថែរក្សាធាគុណភាពទំនិញហើយនិងផលិតផល និងធានាភាពជឿជាក់ឱ្យបាន»។

ជាមួយគ្នានេះ សម្ដេច សង្កត់ធ្ងន់ថា បើមិនទាន់បានទីផ្សារមិនមានអ្វីនោះទេ តែបានទីផ្សារហើយ ធ្វើឱ្យមានការបាត់បង់ទៅវិញនោះ គឺជាផលអាក្រក់មួយ ដែលមិនត្រឹមតែបាត់នៅក្នុងលទ្ធភាពនាំចេញ ក្នុងការរកចំណូលបន្ថែមនោះទេ ប៉ុន្តែប្រសិនជាបាត់ដោយបុគ្គលថែរក្សាគុណភាពមិនបាន បាត់ភាពជឿជាក់នោះ គឺវាប៉ះពាល់ធំណាស់។
លើសពីនេះទៀត សម្ដេច នាយករដ្ឋមន្រ្តី បន្ថែមថា បើបាត់ទីផ្សារដោយសារកត្តាអ្នកទិញនោះគឺជារឿងមួយ តែកុំឱ្យបាត់ដោយសារ កត្តាអ្នកលក់ឱ្យសោះ ព្រោះវាជាក់ឥទ្ធិពលអាក្រក់ខ្លាំងសម្រាប់ប្រទេសជាតិ។

សូមបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានប្រមាណជាង ៤៣ពាន់លានដុល្លារ។ ដែលក្នុងនោះ៖ ការនាំចេញសរុបប្រមាណជាង ២១ពាន់លានដុល្លារ កើនឡើង៤,០៨% បើប្រៀបធៀបនឹងរយៈពេល ១១ខែ ឆ្នាំ២០២២៕