កម្ពុជា-វៀតណាម ជឿជាក់ថា ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងស្ថានប័នអក្សរសម្ងាត់នៃរដ្ឋាភិបាលទាំងពីរ នឹងរួមចំណែកយ៉ាងសំខាន់ បន្ថែមទៀត

ភ្នំពេញ៖ កម្ពុជា-វៀតណាម បង្ហាញការជឿជាក់យ៉ាងមុតមាំថា ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងស្ថានប័នអក្សរសម្ងាត់នៃរដ្ឋាភិបាលទាំងពីរ នឹងរួមចំណែកយ៉ាងសំខាន់ បន្ថែមទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។នេះបើយោងតាមជំនួបរវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោក ង្វៀន ដាំឡឹក អនុប្រធានអក្សរសម្ងាត់រដ្ឋាភិបាល វៀតណាម កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ លោក ស សុខា បានថ្លែងនូវអំណរគុណ ជូនលោក ង្វៀន ង៉ុកថេម ប្រធានគណៈអក្សរសម្ងាត់ នៃរដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់កិច្ចសហការជិតស្និទ្ធ និងជួយឧបត្ថម្ភគាំទ្រក្នុងវិស័យ អក្សរសម្ងាត់ដល់កម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសរវាងស្ថាប័នទាំងពីរ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាំងពីនីតិកាលទី៦ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ជាការឆ្លើយតប លោក ង្វៀន ដាំឡឹក បានថ្លែងអំណរគុណ ចំពោះលោក ស សុខា បានលើកទឹកចិត្ត និងគាំទ្រខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអក្សរសំងាត់នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ឆ្លៀតក្នុងឱកាសនោះផងដែរ ភាគីទាំងពីរ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងស្ថានប័នអក្សរសម្ងាត់នៃរដ្ឋាភិបាលទាំងពីរ នឹងរួមចំណែកយ៉ាងសំខាន់ បន្ថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម៕