អាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្តាប់ធ្នាប់ និងចងខ្សែរហ៊ុមព័ទ្ធនៅចិញ្ចើមផ្លូវជុំវិញរបងមន្ទីរពេទ្យកុមារជាតិ  

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣ នេះបានចុះរៀបចំសណ្ដាប់ធ្នាប់ និងចងខ្សែហ៊ុមព័ទ្ធនៅលើចិញ្ចើមផ្លូវលេខ២៥៣ ផ្លូវ១២២ និងផ្លូវ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិមិនអនុញ្ញាតឲ្យអាជីវករលក់ដូរ ចតរម៉ក ឬ ចតរថយន្តលើផ្លូវបន្តទៀតឡើយ ដើម្បីជួយរំដោះផ្លូវអ្នកថ្មើជើងនិងកាត់បន្ថយការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ និងសោភ័ណភាព សណ្ដាប់ធ្នាប់ តាមដងផ្លូវនៅតំបន់នោះផងដែរ។

ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដោយអនុវត្តតាមបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំដោយលោកអភិបាលរងពីររូបគឺលោកសឹម សុថង់ និងលោកឈាងវិទ្ធី បានចុះចាត់វិធានការដល់អាជីវករលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវ ដេញរម៉ក និងរថយន្តដែលចតលើចិញ្ចើមផ្លូវ  រួមទាំងដកហូតនៅសំភារៈមួយចំនួនដែលទុកចោលលើចិញ្ចើមផ្លូវត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌលើកយកដាក់លើរថយន្តដឹកយកទៅសាលាខណ្ឌទួលគោកជាបណ្ដោះអាសន្នដែលទីតាំងអនុវត្តខាងលើស្ថិតនៅតាមបណ្ដោយផ្លូវជុំវិញរបងមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយផ្លូវលេខ២៥៣ ផ្លូវលេខ១២២ និងផ្លូវលេខ២៥៧ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោកបានមានប្រសាសន៍ឲ្យដឹងថា ចំពោះកំណាត់ផ្លូវលេខ២៥៣ ផ្លូវលេខ១២២ និងផ្លូវលេខ២៥៧ ដែលអាជ្ញាធរបានចុះរុះរើនិងហ៊ុមព័ទ្ធខ្សែ គឺ ពេលពេលកន្លងមកអាជ្ញាធរបានជូនដំណឹងដល់ប្រជាពលរដ្ឋនិងអាជីវករដែលលក់ដូរនៅទីនេះជារបន្តបន្ទាប់ជាច្រើនលើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឲ្យអាជីវករលក់ដូរ ចតរម៉ក និងចតរថយន្តនៅលើផ្លូវបន្តទៀតឡើយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ផ្លូវសាធារណៈតែអាជីវករទាំងនោះនៅតែបន្តលក់ដូរមិនគោរពតាមការណែនាំរបស់សាលាខណ្ឌនោះទេ ទើបខាងសាលាខណ្ឌដាក់វិធានការចុះរុះរើរៀបចំសម្រាប់ធ្នាប់តាមដងផ្លូវឲ្យបញ្ឈប់ការលក់ដូរនិងចតយានយន្តគ្រប់ប្រភេទជុំវិញបរិវេណរបងមន្ទីរពេទ្យកុមារជាតិដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្រខាងលើនេះក្នុងការជួយសម្រួលដល់ការធ្វើការធ្វើដំណើរសម្រាប់អ្នកថ្មើជើងនិងបង្កភាពងាយស្រួលដល់អ្នកធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋតាមដងផ្លូវ និងលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងនោះ អាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តទន់ភ្លន់តែម៉ឺងម៉ាត់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ដើម្បីបំរើផលប្រយោជន៍ប្រជាជនភាគច្រើន មិនអាចឱ្យអ្នករកស៊ីមករំខាន ឬរំលោភបំពានយកផ្លូវ និងចិញ្ចើមផ្លូវនោះទេ ៕