សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចថា កងទ័ពរុស្ស៊ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែនតាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ។ សម្តេច ថា ដោយឡែកយោធារបស់អ៊ុយក្រែនឯណោះវិញក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៊ីបានដែរ។
យោងតាមផេកផ្លូវការរបស់សម្តេចនៅយប់ថ្ងៃទី២៧ កុម្ភៈ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fresh News សម្តេច បានគូសបញ្ជាក់ថា “មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបាននោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី”។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានដដែលនេះ សម្តេច បានគូសបញ្ជាក់ថា ការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារវាងអ៊ុយក្រែន និងរុស្ស៊ី រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងយោធារបស់រុស្ស៊ីសម្លាប់យោធារបស់អ៊ុយក្រែន មិនដល់១,០០០នាក់នោះទេ បើទោះបីចូលកាន់កាប់ទីក្រុងមួយចំនួនក៏ដោយ។
ត្រង់ចំណុចនេះ សម្តេច បានដាក់ជាសំណួរថា តើត្រូវការរយៈពេលប៉ុន្មានថ្ងៃ និងកងទ័ពច្រើនប៉ុន្មានណា ទើបអាចឈ្នះសង្រ្គាម ឬបញ្ចប់សង្រ្គាមនេះ? បើតាមសម្តេច “ប្រហែលជាមិនអាចនោះទេ បើទោះបីរុស្ស៊ីចូលកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូល និងប្រធានាធិបតីត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួនតើប្រជាជនរបស់គេ (អ៊ុយក្រែន) សុខចិត្តនៅស្ងៀមទេ? ប្រជាជនអាចនឹងក្រោកឡើងតស៊ូ ដើម្បីប្រទេសរបស់ពួកគេ ចូរក្រឡេកមើលប្រទេសមួយចំនួនដូចជា អ៉ីរ៉ាក់ ស៊ីរី លីប៊ី តើរហូតមកដល់ពេលនេះបានបញ្ចប់សង្រ្គាម ទទួលបានសន្តិភាពហើយឬនៅ ?”។
ជាទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច រុស្ស៊ីអាចនឹងផុងខ្លួននៅក្នុងទឹកដីរបស់អ៊ុយក្រែន ប្រសិនរុស្ស៊ីត្រូវទុកកងទ័ព រយៈពេលយូរក្នុងទឹកដីអ៊ុយក្រែន។ ជាបទពិសោធន៍រួចហើយសម្រាប់កងទ័ពសូវៀត នៅអាហ្វហ្គានីស្ថាននាទសវត្សរ៍១៩៨០ និងកងទ័ពអាមេរិកនិងណាតូ នៅអាហ្វហ្គានីស្ថានក្នុងសតវត្សទី២១។
សម្តេច បន្តថា កិច្ចការសំខាន់បំផុតនៅចំពោះមុខនោះ គឺការចរចាដោយសន្តិវិធី ដោយផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។
សម្តេច បានគូសបញ្ជាក់ថា “ដូចដែលខ្ញុំធ្លាប់លើកឡើងជាច្រើនដងរួចហើយថា ខ្ញុំគ្មានជំនឿថាយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបាននោះទេ។ ទីកន្លែង និងពេលវេលាចរចាមិនគួរក្លាយជាឧបសគ្គសម្រាប់ការចចារនោះឡើយ ព្រោះវានាំដល់ពន្យាការឈឺចាប់សម្រាប់ប្រជាជនដែលពេលនេះកំពុងរត់ភៀសខ្លួន និងជ្រកក្រោមជំរកសុវត្ថិភាពគួរឱ្យអាណិត”។
ជាក់ស្តែង កម្ពុជាទទួលបានសន្តិភាពពេញលេញដូចសព្វថ្ងៃ ប្រជាជនរស់នៅសុខសាន្តពោរពេញដោយសេចក្តីសុខ ក៏ដោយសារការចរចារដោយសន្តិភាព ជាមួយនឹងនយោបាយឈ្នះឈ្នះ កាលពីឆ្នាំ១៩៩៨ បើមិនមានការចរចាដោយសន្តិវិធីរកសន្តិភាពនោះទេ ប្រហែលជាពេលនេះកម្ពុជាអាចនឹងកំពុងស្ថិតនៅក្នុងសង្រ្គាមក៏អាចថាបានដែរ ហើយនៅពេលនេះ។ នេះបើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន៕