ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៣ សម្រេចបានតម្លៃទឹកប្រាក់ ៤២,៥ ពាន់លានដុល្លារ ថយចុះ ២,៣ភាគរយ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល ១១ខែដំបូង ឆ្នាំ ២០២៣ សម្រេចបានតម្លៃទឹកប្រាក់សរុប ៤២,៥ ពាន់លានដុល្លារ ថយចុះ ២,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាមុននេះ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១១ខែធ្នូ ឆ្នាំ ២០២៣។

បើតាមទិន្នន័យនេះ ការនាំចេញរបស់ប្រទេសកម្ពុជា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ មានទំហំទឹកប្រាក់ប្រមាណ ២០,៤៩ប៊ីលានដុល្លារ កើនឡើង ១,២ភាគរយ ខណៈការនាំចូលមានតម្លៃទឹកប្រាក់ប្រមាន ២២ប៊ីលានដុល្លារ ថយចុះ ៥,៤ភាគរយ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ ២០២២។

ផ្នែកតាមតារាងទិន្ន័យខាងលើនេះ បានបង្ហាញថា មុខទំនិញនាំចេញសំខាន់ៗរបស់ប្រទេសកម្ពុជា ដូចជា ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ នៅតែបន្តនាំចេញធ្លាក់ចុះអស់រយៈពេលជាច្រើនខែកន្លងមកនេះ ដោយសារការបញ្ជាទិញពីដៃគូពាណិជ្ជកម្មសំខាន់ៗ ក្នុងគ្រាដែលសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងនោះមិនទាន់ងើបឡើងវិញ ត្រឡប់ទៅរកប្រក្រតីភាពនៅឡើយ។

ប៉ុន្តែបើមើលទៅលើមុខទំនិញផ្នែកកសិកម្មវិញ ដូចជា គ្រាប់ធញ្ញជាតិ និងជ័រកៅស៊ូក្រែប ការនាំចេញមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ខណៈដែលផលិតផលទំាងនេះនៅតែមានតម្រូវការខ្ពស់ពីទីផ្សារអន្តរជាតិ ព្រមទាំងមានការប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបើកច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់តែច្រើន បន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាទីផ្សារសក្តានុពលជាបន្តបន្ទាប់របស់កម្ពុជា។

ម៉្យាងវិញទៀត ការនាំចេញផលិតផលពាក់ព័ន្ធគ្រឿងបង្គុំ បរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រនិក នៅតែរក្សាបានកំណើនខ្លាំង និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញដល់កំណើននាំចេញសរុបរបស់ប្រទេសកម្ពុជា។

ការណ៍ដែលវិស័យកម្មន្តសាល មិនមែនកាត់ដេរ នៅតែបន្តបានរក្សាកំណើនខ្ពស់ បើទោះបីប្រឈមនឹងការថមថយតម្រូវការសកលក្តី ដោយសារសក្តានុពលខ្ពស់នៃផលិតកម្មបម្រើឲ្យការនាំចេញ ស្របពេលដែលផលិតកម្មបម្រើឲ្យទីផ្សារក្នុងស្រុកនៅបន្តនិន្នាការល្អប្រសើរ។

បើតាមទិន្ន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀតថា ទំហំពាណិជ្ជកម្មអន្តរជាតិនាំចេញ-នាំចូលរបស់កម្ពុជា ក្នុងឆ្នាំ ២០២២ សម្រេចបានតម្លៃទឹកប្រាក់ប្រមាណ ៥២,៤២ប៊ីលានដុល្លារ កើនឡើង ៩,២% បើធៀបកាលពីឆ្នាំ ២០២១៕