ADB អបអរសាទរ កម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លាន របស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ លោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា បានធ្វើការកោតសរសើរ ក៏ដូចជាអបអរសាទរ ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនគោលដៅ១.៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។លោក Anthony Gill ថ្លែងបែបនេះក្នុងជំនួបជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

លោក Anthony Gill បានគូសបញ្ជាក់ថា សូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

ជាការឆ្លើយតប លោកហេង សួរ  បានក៏បានថ្លែងអំណរគុណដល់ ADBដែលបានអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១(C1)ដែលជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារសមរម្យសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ប្រាប់ADB ពីកិច្ចការងារជាច្រើនដែលក្រសួង បានធ្វើរួចមកហើយដើម្បីធានាថា យុវជនដែលជាសិក្ខាកាមមានជំនាញជាក់លាក់ ប្រសិទ្ធភាព និងឱកាសចុះកម្មសិក្សាដែលជាការហាត់ការជាក់ស្តែងនៅតាមរោងចក្រសហគ្រាស។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ រយៈពេល៤ខែដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលបន្ថែម៕