បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ២ភូមិ មានចំនួនជាង ១០០ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀត រស់ នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នើលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ចេញពីខេត្តព្រោះ អសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នា ជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់គុក និងសកម្មភាពបំពានច្បាប់ជាអាទិ៍ ជាពិសេសដោះស្រាយទំនាស់ដីធ្លីជិត ២០ឆ្នាំជូនពួកគេមិនបាន។
នៅក្នុងលិខិតស្នើសុំ លោក ស សុខា ដែលមានស្នាមមេដៃ របស់ប្រជាពលរដ្ឋចុះថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២៣ ហើយត្រូវបានអង្គភាពសារព័ត៌មាន Khmer CM ទទួលបាននៅថ្ងៃទី ១១ ខែធ្នូនេះ បានសរសេរថា៖« យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋដែលរស់នៅខេត្តបន្ទាយមានជ័យ មានវិវាទ ទំនាស់ដីធ្លី ជិត ២០ឆ្នាំមកហើយប៉ុន្តែមិនមានអាជ្ញាធរជួយដោះស្រាយនោះទេ »។
លិខិតដដែលសរសេរបន្តថា៖« ជាពិសេសគឺអាណត្តិលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីមួយចំនួនទៀត មិនអើពើដោះ ស្រាយបញ្ហាជូនយើងខ្ញុំ បែរជាឃុបឃិតគ្នាអោយតំណាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិដែលមានលោក ឳក សុផាន រួម ទាំងបក្ខពួក ឃុបឃិតគ្នាដើរធ្វើទុក្ខបុកម្នេញគំរាមសម្លុត និងចាប់ប្រជាពលរដ្ឋដាក់គុកជាហូរហែ ដោយមិនឲ្យយើងខ្ញុំជាប្រជា ពលរដ្ឋរស់នៅបានសុខនោះឡើយ»។
លិខិតដដែលបន្ថែមថា៖« មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តបានរៀបចំអោយលោក សេង ចាន់ឌី មេភូមិចាន់គិរី យកដី របស់យើងខ្ញុំជាប្រជាពលរដ្ឋទៅលក់ឲ្យទៅអ្នកផ្សេងៗ ធ្វើមាន ធ្វើបាន តាមតែទំនើងចិត្ត ហើយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១ លោក អ៊ុំ រាត្រី បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះរៀបចំ សម្របសម្រួលដោះស្រាយដើម្បីបញ្ចប់វិវាទ រវាង សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ជាមួយប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលជាងពីរទសវត្សនៅលើទីតាំងដីទំហំ ១៧២ហិកតា»។
លិខិតដដែលពន្យល់បន្ថែមថា «ក្រោយពេលដែលមានលិខិតនេះរួចមក ក៏មានប្រជាពលរដ្ឋចូលរួមធ្វើការដោះស្រាយ ប៉ុន្តែការដោះស្រាយ នេះពុំមានភាពយុត្តិធម៌ និងតម្លាភាពនោះទេ ខាងខេត្តបានចាត់តាំងតំណាង សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិឲ្យយើងខ្ញុំជា ប្រជាពលរដ្ឋបែងចែកដីដែលយើងខ្ញុំកំពុងរស់នៅជាពីរចំណែក ជាមួយពួកគាត់ ទៅតាមទំហំដីជាក់ស្តែងរបស់យើងខ្ញុំ»។
បើតាម លិខិតនេះ ការ ដោះស្រាយមួយបែបទៀត គឺឲ្យប្រជាពលរដ្ឋធ្វើលិខិតសះជាជាមួយពួកគាត់ ហើយតម្រូវអោយបង់លុយទៅ សមាគមន៍ អភិវឌ្ឍន៍កសិកម្មជាតិ ក្នុង១ម៉ែត្រការ៉េ ១០ដុល្លារ ទៅ ១២ដុល្លារ តាមទំហំដីកាន់កាប់ជាក់ស្តែង ដោយសន្យានឹងចេញប័ណ្ណ កម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ចំពោះប្រជាពលរដ្ឋដែលមិនព្រមបែងចែកដី របស់ខ្លួនជា២ចំណែកជាមួយខាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ឬមិនព្រមបង់លុយក្នុង១ម៉ែត្រការេ ពី ១០ដុល្លារ ទៅ ១២ ដុល្លារនោះ គឺត្រូវបានអាជ្ញាធរខេត្តលោក ង៉ោ ម៉េងជ្រួន និងបក្ខពួក គំរាមសម្លុត ប្តឹងទៅតុលាការ ចាប់ដាក់គុកជាហូរហែរហូត ដល់បច្ចុប្បន្ន។ ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលបានបង់លុយឲ្យទៅខាងអាជ្ញាធរខេត្ត និងសមាគមន៍អភិវឌ្ឍន៍ កសិកម្មជាតិរួចរាល់ អស់រាប់ពាន់ រាប់ម៉ឺនដុល្លារ ក្នុងអាណត្តិអភិបាលខេត្តលោក អ៊ុំ រាត្រី នេះ គឺនៅពុំទាន់ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់តាមការសន្យាអាជ្ញាធរខេត្តនៅឡើយទេ។
ពាក់ព័ន្ធនឹងវិវាទខាងលើនេះ យើងខ្ញុំប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្ដឹងមកក្រសួងមហាផ្ទៃ ហើយក្រសួងបានចុះ សិក្សាស្រាវជ្រាវអំពីបញ្ហាវិវាទខាងលើនេះ ដោយឡែកមានមនុស្សក្រុមបានមកបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យទៅដកពាក្យបណ្ដឹង ចេញពីក្រសួងមហាផ្ទៃនិងឲ្យផ្ដិតមេដៃលើលិខិតសះជាដោយសន្យាថានឹងធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តបន្ទាយមានជ័យ ជាពិសេសបងប្អូនដែលខ្សត់ខ្សោយមានជីវភាពលំបាក បាន រងនូវអំពើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរអំពីទំនាស់ដីធ្លីដែលបង្កឡើងដោយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ដែលឃុបឃិតគ្នាជា ប្រព័ន្ធធ្វើស៊ីដីប្រជាពលរដ្ឋ និងអំពើអយុត្តិធម៌ផ្សេងៗទៀតរាប់មិនអស់ នៅពេលដែលប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងសុំ អន្តរាគមន៍ ឬចេញមតិតវ៉ា គឺសុទ្ធតែត្រូវបានគំរាមសម្លុតចាប់ដាក់គុកពីអាជ្ញាធរខេត្តបន្ទាយមានជ័យ និងបក្ខពួកជាហូរហែ។
ពលរដ្ឋទាំងនោះបានស្នើ លោក ស សុខា មេត្តាជួយពិនិត្យ និងសម្រេចផ្លាស់ប្តូរភលោក អ៊ុំ រាត្រី និងលោក ង៉ោ ម៉េងជ្រួន ដែលជាអភិបាលខេត្ត និងអភិបាលរងខេត្ត បន្ទាយមានជ័យចេញ តាមការស្នើសុំរបស់ពួកគេ ដែលតំណាងឲ្យប្រជា ពលរដ្ឋទូទាំងខេត្ត ដែលរងនូវភាពអយុត្តិធម៌ក្រោមការដឹកនាំរបស់លោកទាំងពីរ និងបក្ខពួកព្រមទាំងបក្ខពួកដោយក្ដីអនុគ្រោះ ព្រោះលោកទាំងពីរនេះបានបង្កើតបក្ខពួកជាប្រព័ន្ធធ្វើព្យុះធ្វើភ្លៀងបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋទូទាំងខេត្តដោយអាង អំណាចខ្លួនជាអភិបាលខេត្ត និងអភិបាលរងខេត្ត ធ្វើការកេងប្រវញ្ច ជិះជាន់មកលើប្រជាពលរដ្ឋទន់ខ្សោយស្លូតត្រង់តាម ទំនើងចិត្ត៕