រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពថ្នាក់ដឹកនាំគ.ជ.បអាណត្តិថ្មី នៅថ្ងៃទី១៣​ ធ្នូ

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី១១ ខែធ្នូ​ ឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មី នៅថ្ងៃពុធ​ ទី១៣​ ធ្នូ ខាងមុខ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសមាសភាពបេក្ខជនដែលបានដាក់ពាក្យជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភានីតិកាលទី៧ ។ ជាមួយគ្នានេះកិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ​ ឆ្នាំ២០២៣ខាងមុខ ដើម្បីអង្គសភាធ្វើការបោះឆ្នោតទុកចិត្តលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា​ នីតិកាលទី៧។

សូមជម្រាបថា​ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២៣ កន្លងមកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងបន្តនីតិវិធី៕