ភ្នំពេញ៖ រយៈពេលជិត៤ខែក្រោមការដឹកនាំដឹកនាំ របស់រាជរដ្ឋាភិបាលថ្មី សម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សភាពការណ៍ទូទៅរបស់កម្ពុជា នៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ជាពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។នេះបើយោងតាមសេចក្ដីប្រកាស បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។
សេចក្ដីប្រកាសបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាពុំដែល ធ្វេសប្រហែស ឬបាត់ម្ចាស់ការលើកិច្ចការងារជាយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។ រាល់ការវិភាគពិចារណារបស់ គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវទស្សនៈសត្យានុម័ត ដែលគ្របដណ្តប់លើទស្សនៈគ្រប់ ជ្រុងជ្រោយ ទស្សនៈប្រវត្តិសាស្ត្រជាក់ស្តែង និងទស្សនៈអភិវឌ្ឍជានិច្ច។ យ៉ាងណាមិញការត្រៀមលក្ខណៈ សម្រាប់ការបន្តវេនគឺជារឿងចាំបាច់ ហើយពេលវេលាដែលត្រូវប្តូរជំនួសគ្នានៅពេលណានោះ ក៏ត្រូវបាន ពិនិត្យពិច័្ចយយ៉ាងល្អិតល្អន់ផងដែរ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍបន្តទៀត។ ការវិវត្តនៃសភាពការណ៍កម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣% បានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្ដេច ហ៊ុន សែន និងគាំទ្រសម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុត ព្រោះអង្គទាំងបីនេះ គឺជាប្រធានបទគោលចម្បងដែលយើងបានធ្វើការឃោសនានៅពេលបោះឆ្នោត។ដូច្នេះ គឺពិតជាផ្ដើមពីលទ្ធផលនៃការបោះឆ្នោតនេះហើយ ដែលអនុញ្ញាតឱ្យគណបក្សកំណត់ពេលវេលាជាក់លាក់ សម្រាប់ការបន្តវេនរបស់ជំនាន់ថ្មី គឺត្រូវចាប់ផ្តើមពីដើមនីតិកាលទី៧នៃរដ្ឋសភានេះតែម្តង។ កាលវេលានេះ ក៏បង្កឱកាសឱ្យថ្នាក់ដឹកនាំជំនាន់ចាស់នៅបន្តជួយតាមមើលការដឹកនាំរបស់ជំនាន់ថ្មីប្រកបដោយសុទិដ្ឋិនិយម និងសុភនិច្ឆ័យផងដែរ។ នេះជាសភាពការណ៍ពិតរបស់គណបក្សប្រជាជនកម្ពុជា។
សេចក្ដីប្រកាស បន្តថា «បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧បានចាប់ បដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ខែហើយ ហើយពិតណាស់ថា ក្រោមការ ដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង»។
សេចក្ដីប្រកាស សង្កត់ធ្ងន់ថា ទន្ទឹមនេះ អ្វីដែលបានចេញដំណើរភ្លាមដែរនោះគឺ កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាការសន្និដ្ឋាន ការចេញដំណើររបស់ ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្តនិងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិកម្ពុជា៕