ភ្នំពេញ៖ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានគណកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)បដិសេធចំពោះ បណ្ដឹងរបស់លោក អ៊ូច សុភត្រា ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប ដែលបានប្ដឹងចោទប្រកាន់មកលើលោក ចូលមកអត្តាធិការកិច្ច ក្រសួងមហាផ្ទៃគឺថា គ្មានភស្តុតាង បំភ្លើសខុសពីការពិត ផ្ទុយពីនិតិវិធី។
នេះ បើ តាមលិខិត របស់លោក កឹម ជាតិ ផ្ញើជូន លោក មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)ស្តីពីរបាយការណ៏បកស្រាយលើបណ្ដឹងរបស់លោកមេធាវី អ៊ូច សុភត្រា ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប ដែលបានប្ដឹងចោទប្រកាន់មកលើឈ្មោះខ្ញុំបាទ ចូលមកអត្តាធិការកិច្ច ក្រសួងមហាផ្ទៃចុះ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
នៅក្នុងលិខិតនេះ លោក កឹម ជាតិ បានសរសេរថា៖« ចំពោះខ្លឹមសារនៃពាក្យបណ្ដឹង គឺជាការចោទប្រកាន់មកលើឈ្មោះខ្ញុំបាទ ដោយគ្មានភស្តុតាង បំភ្លើសខុសពីការពិត ផ្ទុយពីនិតិវិធី អនុវត្តរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចុះលេខបណ្តឹងលើសុំណុំរឿងនេះ ហើយពុំមានហត្ថលេខារបស់ ខ្ញុំបាទលើឯកសារណាមួយដែលដើមបណ្ដឹងចោទប្រកាន់ថាខ្ញុំបាទបានដឹកនាំ»។
លោក សរសេរបន្តថា៖« ដើមបណ្ដឹង បានផ្តិតមេដៃទទួលស្គាល់កំហុសមុខព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងកំលាំងចំរុះ។ ំដើមបណ្ដឹង ធ្វើឲ្យមានការបាត់បង់ជំនឿ និងសេចក្តីទុកចិត្ត ក្នុងការអនុវត្តនិតិវីធីរបស់ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង។ ដើមបណ្ដឹង បានបញ្ចេញឯកសារពាក្យបណ្ដឹង ដែលខ្លួនបានដាក់ចូលអត្តាធិការក្រសួងមហាផ្ទៃ ទៅសាពត៌មានឲ្យចុះផ្សាយ ដើម្បីបង្កាច់បង្អួចកេរ្តិ៍ឈ្មោះខ្ញុំបាទ។ ពាក្យបណ្តឹងខាងលើនេះ ជាពាក្យបណ្ដឹងខុសច្បាប់ រៀបចំបណ្ដឹងទំលាក់កំហុសទៅចុងបណ្ដឹងតែប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោក កឹម ជាតិ បានសំណូមពរ ឱ្យ លោក មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) ចេញលិខិតជូនដំណឹងទៅ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយ តម្កល់ពាក្យបណ្ដឹងខាងលើនេះទុកមិនបាត់ការ និង សុំដាក់មេធាវីដើម្បីការពារក្តីរបស់លោក ជាចុងបណ្ដឹង ជាពិសេសសុំផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ដល់រូបខ្ញុំបាទ ។
ត្រូង់ចំណុចនេះ លោក មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចារឯកភាព និងគាំទ្រនៅលើលិខិតនេះ នៅថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២៣។
លោក មេធាវី អ៊ូច សុភត្រា ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប បានដាក់ពាក្យបណ្តឹង ទៅ លោក ឯម វិចិត្រ អគ្គាធិការ ក្រសួងមហាផ្ទៃ សុំប្តឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំ ដោយ កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការ ស្នើសុំដល់ លោក កឹម
ជាតិ ប្រគល់ស្រាចំនួន 48ដប ដែលបានដកហូត និង ប្រគល់ប្រាក់ចំនួន ១០ ម៉ឺនដុល្លារ មកក្រុមឈីវ ទីម៉ិច គ្រុប ដែលកូនក្ដីរបស់លោកវិញ៕