អ្នកនាំពាក្យ​ក្រសួងការបរទេស ​៖ មាន​ពលរដ្ឋ​កម្ពុជា​២៣​នាក់ កំពុង​រស់នៅ​លើទឹក​ដី​អ៊ុយ​ក្រែ​ន​

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា មាន​អតីត​និស្សិត​ខ្មែរ​ដែល​បាន​ទៅ​សិក្សា​ក្នុង​ជំនាន់​អតីត​សហភាពសូវៀត ក្នុង​រង្វង់​ទស្សវត្ស​ទី​៨០ និង​ដើម​ទស្សវត្ស​ទី​៩០ ចំនួន ២៣​នាក់ ដែល​កំពុង​រស់នៅ​លើទឹក​ដី​ប្រទេស​អ៊ុយ​ក្រែ​ន ជាមួយ​គ្រួសារ​របស់​ពួកគេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) នៅ​ថ្ងៃទី​២៦ កុម្ភៈ​នេះ​។​

​លោក ជុំ សុន្ទរី បាន​និយាយ​នៅថ្ងៃនេះ​ថា “​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​រុស្សី កំពុង​ខិតខំ​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទាំងអស់នោះ​ដើម្បី​ទទួលបាន​ព័ត៌មាន​អំពី​ស្ថានភាព​របស់​ពួកគាត់​”​។​

​សូម​ជម្រាបជូន​ថា បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ កន្លងមកនេះ បណ្តា​ប្រទេស​នានា​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឱ្យមាន​កិច្ច​សន្ទនា និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​រវាង​ប្រទេស​ទាំងពីរ​៕​