ពលរដ្ឋ​រុស្ស៊ី​ជាង​១​ពាន់​នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ចេញមុខ​តវ៉ា​ប្រឆាំង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​

យ៉ាងហោចណាស់​មនុស្ស​ប្រមាណ ១,៧៤៥​នាក់ ក្នុង​ក្រុង​ចំនួន​៥៤ របស់​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​២៤ កុម្ភៈ​ម្សិលមិញ​នេះ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​ចេញមុខ​ធ្វើការ​តវ៉ា​ចំពោះ​ការ​លុកលុយ​របស់​ប្រទេស​ពួកគេ​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​បង្កឱ្យមាន​អ្នកស្លាប់​និង​អ្នករបួស​ជាច្រើន​រយ​នាក់ ខណៈដែល​ការអំពាវនាវ​ដ៏​រំជួលចិត្ត​សម្រាប់​ការតវ៉ា​បាន​កើនឡើង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​នៅពេលដែល​ស៊ី​រ៉ែ​ន​បាន​បំផ្ទុះ​នៅក្នុង​ទីក្រុង​គៀវ រដ្ឋធានី​អ៊ុយ​ក្រែ​ន ហើយ​ការផ្ទុះ​ដ៏​ធំ​ត្រូវបាន​គេ​ឮ​នៅ​ទីនោះ និង​នៅក្នុង​ទីក្រុង​ផ្សេងទៀត ប្រជាជន​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ​លិខិត​ចំហ និង​ញត្តិ​តាម​អ៊ី​ន​ធើ​ណេ​ត ទាមទារ​ឱ្យ​វិមាន​ក្រឹម​ឡាំង​បញ្ឈប់​ការវាយប្រហារ ដែល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយថា បានសម្លាប់​ជនជាតិ​អ៊ុយ​ក្រែ​ន​យ៉ាងហោចណាស់ ១៣៧​នាក់ និង​រងរបួស​រាប់សិប​នាក់​ទៀត​។

​ជា​កត់សម្គាល់​ការចេញ​មុខ​តវ៉ា​ចំពោះ​វត្តមាន​ទាហាន​រុស្ស៊ី​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​នេះ គឺ​មិន​ត្រឹមតែ​ពលរដ្ឋ​នោះទេ​ដែល​ប្រឆាំង​សូម្បីតែ​អ្នកកាសែត អ្នកតស៊ូ​មតិ​សិទ្ធិមនុស្ស តារា​ល្បីៗ និង​ឥស្សរជន​រុស្ស៊ី​ជាច្រើន​នាក់ រួមទាំង​អ្នកធ្វើការ​នៅ​ទូរទស្សន៍​រដ្ឋ​មួយចំនួន បាន​បញ្ចេញមតិ​ប្រឆាំងនឹង​ការវាយប្រហារ​នេះ​។ ជាក់ស្តែង​លោកស្រី Yelena Kovalskaya នាយក​នៃ​មហោស្រព​ទីក្រុង​មូ​ស្គូ​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋ​ បានប្រកាស​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កនាង​ថា នាង​នឹង​លាឈប់​ពី​ការងារ​របស់​នាង​ដោយ​និយាយថា “​វា​មិនអាច​ទៅរួច​ទេ​ក្នុង​ការធ្វើ​ការឱ្យ​ឃាតករ​ហើយ​ទទួលបាន​ប្រាក់ខែ​ពី​គាត់​” ។​

​ជាមួយគ្នានេះ អ្នកកាសែត​ចំនួន​ជាង​២៥០​នាក់​បានដាក់​ឈ្មោះ​ពួកគេ​នៅលើ​លិខិត​ចំហ​មួយ​បដិសេធ​ការឈ្លានពាន​នេះ​។ លិខិត​ដោយឡែក​មួយទៀត​ត្រូវបាន​ចុះហត្ថលេខា​ដោយ​អ្នកវិទ្យាសាស្ត្រ​ប្រហែល ២៥០ នាក់ ខណៈដែល​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ចំនួន ១៩៤ នៅ​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​ផ្សេងទៀត​ក៏បាន​ធ្វើ​ដូចគ្នានេះដែរ​។​

​គួរ​រំលឹក​ជូន​ថា មុន​រុស្ស៊ី​ផ្តើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យ​ប្រជាជន​រុស្ស៊ី​ជួយ​ទប់ស្កាត់​កុំឱ្យ​មាន​សង្គ្រាម​កើតឡើង​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដោយ​លោក​បាន​និយាយថា ពលរដ្ឋ​រុស្ស៊ី​ត្រូវបាន​គេ​កុហក​រឿង​អ៊ុយ​ក្រែ​ន​។ លោក ថា “​តើ​អ្នកណា​អាច​បញ្ឈប់ (​សង្គ្រាម​) បាន​? ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ទាំងនេះ​ស្ថិតក្នុង​ចំណោម​អ្នក ខ្ញុំ​ប្រាកដ​”៕​