ប្រឈមមុខនឹងស្ថានការណ៍ដ៏សែនលំបាកនឹងការវាយលុកយ៉ាងខ្លាំងក្លាពីសំណាក់ទាហានរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសួរដោយត្រង់ទៅកាន់មេដឹកនាំប្រទេស២៧របស់អឺរ៉ុប ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយមេដឹកនាំទាំងនោះមានការភ័យខ្លាចនិងមានការឆ្លើយតបអ្វីទាំងអស់។
មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡេនស្គី បាននិយាយថា “ថ្ងៃនេះ, ខ្ញុំបានសួរទៅកាន់មេដឹកនាំទាំង ២៧រូបរបស់អឺរ៉ុប ថាតើអ៊ុយក្រែននឹងក្លាយជាសមាជិក NATO ដែរឬទេ។ ខ្ញុំបានសួរដោយផ្ទាល់។ គ្រប់គ្នាភ័យខ្លាច, មិនបានឆ្លើយតបនោះឡើយ”។
បើទោះបីជាមិនទទួលបានចម្លើយឆ្លងតបពីមេដឹកនាំរបស់អឺរ៉ុបពីចំណាត់ការឆ្លើយតបទៅនឹងការឈ្លានពាន របស់រុស្ស៊ីមកលើអ៊ុយក្រែនក៏ដោយចុះ លោក ហ្សេឡេនស្គី នៅតែបង្ហាញការតាំងចិត្តយ៉ាងមុតមាំរបស់លោក ដោយមិនចុះញ៉ាមចំពោះរុស្ស៊ីនោះឡើយ ដោយលោកនិយាយថា “យើងមិនមានការភ័យខ្លាច ហើយយើងមិនមានការភ័យខ្លាចអ្វីទាំងអស់”។
សូមជម្រាបជូនថា រុស្ស៊ីបានបើកការឈ្លានពានរបស់ខ្លួនទៅលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីថ្ងៃទី២៤ កុម្ភៈម្សិលមិញនេះ បន្ទាប់ពីមានការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលក្នុងនោះមនុស្សរាប់សិបនាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនិងរងរបួសផងដែរ។
ចំណាត់ការយោធាដើម្បីជួយអ៊ុយក្រែនឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីចូលទឹកដីអ៊ុយក្រែន នៅមិនទាន់មានការឆ្លើយតបអ្វីទាំងអស់ពីសំណាក់ប្រទេសជាសមាជិកអង្គការណាតូ។ ផ្ទុយទៅវិញមានតែការប្រកាសដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចទៅលើរុស្ស៊ីតែប៉ុណ្ណោះត្រូវបានគេឃើញថាធ្វើឡើង។ ជាក់ស្តែងសហភាពអឺរ៉ុប ក៏នឹងបង្កកទ្រព្យសម្បត្តិរុស្ស៊ីនៅក្នុងប្លុករបស់ខ្លួន និងបញ្ឈប់ការចូលដំណើរការធនាគាររបស់ប្រទេសមួយនេះទៅកាន់ទីផ្សារហិរញ្ញវត្ថុអឺរ៉ុបផងដែរ៕