ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ សន្តិសុខសង្គម រវាងប្រទេសទាំងពីរ ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀត សម្រាប់ឧត្តមប្រយោជន៍ប្រជាពលរដ្ឋក្នុងភាពជាដៃគូក្នុងនាមប្រទេសសមាជិកតំបន់អាស៊ានជាមួយគ្នា។នេះបើយោងតាម ជំនួបរវាងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។
ក្នុងជំនួប ភាគីទាំងពីរ បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការពារសិទ្ធិពលរដ្ឋក្នុងវិស័យការងារ។ក្នុងឱកាសនោះ លោកស្រី Maria Amelita C. Aquino បានសម្ដែងអរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានជួយមើលថែរក្សាពលរដ្ឋហ្វីលីពីន ដែលកំពុងធ្វើការនៅកម្ពុជា ដោយគ្មានការរើសអើង។
ក្រៅពីនេះ វឌ្ឍនភាពនៃកិច្ចសហការលើវិស័យសន្តិសុខសង្គម ក៏ជាប្រធានបទដែលភាគីទាំងពីរបានជជែកគ្នាយ៉ាងផុលផុសផងដែរ។ជាមួយគ្នានោះ ភាគីទាំងពីរ បានសន្យាបន្តពង្រឹងកិច្ចសហការដែលមានស្រាប់នេះដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពលើវិស័យសន្តិសុខសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។
លើសពីនេះទៀត ក៏បានឯកភាពគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម លើកិច្ចសហការដែលមានស្រាប់៕