ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទ ល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ បានចុះឃាត់ចាប់រថយន្តដឹកស៊ុតទាបានចំនួន២គ្រឿង ដែលដឹកពងទាដុះស្លាបមកពីវៀតណាមជាង ៦ម៉ឺនគ្រាប់ដែលចូលតាមច្រកភ្នំដិន បម្រុងចែកចាយក្នុងក្រុងភ្នំពេញ។
លោក ហ៊ុន សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាន ឱ្យដឹងថា នៅវេលាម៉ោង៥ និង៥០នាទីព្រឹក នាថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២៣ សមត្ថកិច្ចបានចាប់រថយន្តទី១ ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ ២BD-១១២០ ពណ៌លឿង ដឹកស៊ុតទាចំនួន ២០១០០ គ្រាប់ និងរថយន្តទី២ ពាក់ស្លាកលេខភ្នំពេញ២N- ៨៥១០ ពណ៌ស ដឹកស៊ុតសត្វទាចំនួន ៤៥៩០០គ្រាប់ មកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ រួចមកលក់ចែកចាយក្នុងរាជធានីភ្នំពេញដូចគ្នា (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតទា) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
លោកបន្តថា រថយន្តទី១ ឃាត់ចាប់នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងរថយន្តទី២ ឃាត់ចាប់នៅ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រុមការងារ បាននាំយកវត្ថុតាង និងបទល្មើសទាំង២ខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕