កំពង់ធំ៖ លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានណែនាំដល់មន្ត្រី ឱ្យមានការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ក្នុងតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ពន្លឿនការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានតម្លាភាព។
លោក រស់ សារាំ បានណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងមានមតិសំណេះសំណាលក្នុងឱកាសដែល លោកចូលមកកាន់តំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ នេះ។
កិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅពេលនេះ មានការចូលរួមពីសំណាក់លោក-លោកស្រីព្រះរាជអាជ្ញារង និងលោក-លោកស្រីក្រឡាបញ្ជី ។
នាឱកាសនោះ លោក រស់ សារាំ បានមានមតិសំណេះសំណាលក្នុងឱកាសដែលលោក ចូលមកកាន់តំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងបានស្វាគមន៍ព្រះរាជអាជ្ញារងដែលបានផ្លាស់មកបម្រើការងារថ្មី ព្រមទាំងព្រះរាជអាជ្ញារងដែលត្រូវបានចាត់តាំងមកកម្មសិក្សានៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
ក្នុងកិច្ចប្រជុំនេះដែរ លោក រស់ សារាំ បានធ្វើការណែនាំ និងបែងចែកតួនាទី ភារកិច្ចជូនដល់លោក-លោកស្រីព្រះរាជអាជ្ញារង និងលោក-លោកស្រីក្រឡាបញ្ជី ក្នុងការគ្រប់គ្រងការងារទូទៅនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជាពិសេសការគ្រប់គ្រងសំណុំរឿងក្នុងដំណាក់កាលអយ្យការ៕