លោក អ៊ាង សុផល្លែត៖ ជាង១ខែ សិស្សានុសិស្ស និងគ្រូបង្រៀន ប្រមាណ ១,៨លាននាក់ បានចូលរួមអនុវត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលជាង១ខែកន្លងមកនេះ សិស្សានុសិស្ស រួមជាមួយលោកគ្រូអ្នកគ្រូ ចំនួន១,៨លាននាក់ បានចូលរួមអនុវត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ការលើកឡើងរបស់លោក អ៊ាង សុផល្លែត បែបនេះ ក្នុងឱកាសអញ្ជើញ ចូលរួមក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានថ្លែងថា ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានដាក់ចេញនូវអាទិភាពចម្បង៣ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែល បើប្រៀបធៀបពីកម្លាំងទាក់ទាញ និងការផ្សព្វផ្សាយជាមួយចំនួនសិស្ស ប្រមាណ២លាននាក់ និងប្រជាពលរដ្ឋប្រមាណជាកន្លះប្រទេស បានប្តេជ្ញាចិត្ត ឈប់ប្រើថង់ប្លាស្ទិក១ដងក្នុងសប្តាហ៍ ឬអាច២ទៅ៣ ដងក្នុង១សប្តាហ៍។ យុទ្ធនាការនេះបានបញ្ជ្រាបមិនត្រឹមតែសិស្សានុសិស្សនៅតាមសាលារៀននោះទេ កម្មករកម្មការិនីនៅតាមរោងចក្រ សហគ្រាសនានា ហើយព្រមជាមួយគ្នានេះ ព្រះសង្ឃ នៅតាមវត្តអារាមនានា បានចូលរួមផងដែរអនុវត្តវិធានការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ហេតុអ្វីបានជាយុទ្ធនាការបានរៀបចំជាមួយសិស្សានុសិស្ស គឺមានន័យថា នៅពេលពួកគេធំឡើង មានគ្រួសារ មានកូន ចៅនឹងបន្តការមិនប្រើថង់ប្លាស្ទិកផងដែរ។

លោកបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងបន្តរយៈពេលវែង ហើយត្រូវតែមានការប្តេជ្ញាចិត្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ចំពោះ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» ហើយនៅពេលមួយនោះ កម្ពុជាលែងមានសំណល់ថង់ប្លាស្ទិក ហើយធ្វើឱ្យបរិស្ថានកម្ពុជា និងប្រទេសជាតិល្អស្អាតផង។

លោក អ៊ាង សុផល្លែត បន្ថែមថា «កាលណាយើងស្អាត ភូមិយើងស្អាត ស្រុកយើងស្អាត ប្រទេសយើងក៏ស្រស់ស្អាត មានសោភ័ណភាព មានការទាក់ទាញនាំទេសចរ និងអ្នកវិនិយោគមកប្រទេសកម្ពុជា»៕